(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនឈ្នះសង្រ្គាម នៅអ៊ុយក្រែនទេ តែលោកសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តយោធាណាតូ (NATO) នឹងមិនក្លាយជាភាគីសកម្មមួយនៅក្នុងសង្រ្គាមសព្វថ្ងៃនោះទេ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al jazeera នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទៅកាន់សហគមន៍ធុរកិច្ចពិភពលោក ដែលចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស លោក Scholz ក៏បាននិយាយផងដែរថា លោកពូទីន បានបរាជ័យក្នុងគោលបំណងយុទ្ធសាស្ត្រទាំងអស់របស់លោក រួចទៅហើយ។

លោក Scholz បានគូសបញ្ជាក់ថា មេដឹកនាំរុស្ស៊ី «ពិតជាស្មានមិនដល់» នូវដំណោះស្រាយ និងកម្លាំងនៃសម្ព័ន្ធមិត្តក្នុងការទប់ទល់នឹងការឈ្លានពានរបស់ រុស្ស៉ីនៅអ៊ុយក្រែនទេ។ គោលដៅរបស់យើង គឺច្បាស់លាស់, លោកពូទីន នឹងមិនឈ្នះសង្គ្រាមនេះទេ ហើយខ្ញុំជឿជាក់ថាគាត់នឹងមិនឈ្នះវាឡើយ»។ លោក Scholz បានបន្ថែមថា ផែនការរបស់រុស្ស៉ីក្នុងការដណ្ដើមគ្រប់គ្រងអ៊ុយក្រែនទាំងមូលគឺ «នៅឆ្ងាយខ្លាំងណាស់» ខណៈអ៊ុយក្រែន នៅតែបន្តដាក់កម្លាំងការពារដ៏គួរឱ្យចាប់អារម្មណ៍។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Scholz បានកើតឡើងនៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ខែទី៤ ហើយកងកម្លាំងរុស្ស៉ី បានធ្វើការប៉ុនប៉ងថ្មី ដើម្បីដណ្តើមគ្រប់គ្រងទឹកដីនៅភាគខាងកើតអ៊ុយក្រែន។ បន្ទាប់ពីបរាជ័យក្នុងការដណ្ដើមគ្រប់គ្រងរដ្ឋធានី Kyiv និងទីក្រុង Kharkiv របស់អ៊ុយក្រែន, កងកម្លាំងរុស្ស៉ី កំពុងព្យាយាមដណ្តើមគ្រប់គ្រងពេញលេញនៃតំបន់ ដុនបាស់ (Donbas) ភាគខាងកើត ហើយបានរុលទៅមុខនៅ ភាគខាងត្បូង បើទោះបីជាមានការតស៊ូរបស់កងកម្លាំងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់បណ្ដាប្រទេសលោកខាងលិចលើទីក្រុងមូស្គូក៏ដោយ៕