(សេអ៊ូល)៖ មន្ត្រីសុខាភិបាលកូរ៉េខាងជើង កំពុងធ្វើតេស្តលើសំណាកដែលប្រមូលបានពីទន្លេ, បឹង, ខ្យល់អាកាស, សំណល់ទឹក និងសំរាមតាមផ្ទះ ដើម្បីវិភាគរកមេរោគកូវីដ-១៩ ខណៈប្រទេសនេះ បង្កើនការប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងដំបូងនូវជំងឺនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសារព័តមានរដ្ឋកូរ៉េខាងជើង KCNA, អាជ្ញាធរកំពុងបង្កើនការធ្វើតេស្ត និងការសម្លាប់មេរោគ នៅទូទាំងប្រទេស បន្ទាប់ពីរបាយការណ៍នៃស្ថានភាពឆ្លង នៅសប្តាហ៍នេះមានស្ថិរភាព រួមជាមួយសញ្ញាបង្ហាញថា រលកនៃរោគសញ្ញាគ្រុនក្តៅ ហាក់បានធូរស្រាល ហើយចំនួនអ្នកស្លាប់មានកម្រិតទាប។ ការិយាល័យប្រឆាំងមេរោគកូរ៉េខាងជើង បានប្រមូលសំណាក ពីប្រភពជាច្រើន ដើម្បីរកឲ្យឃើញឱ្យប្រាកដថាតើ តំបន់ណាខ្លះ មានមេរោគរាលដាល។

KCNA បានរាយការណ៍បន្ថែមថា «ផ្នែកប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាបន្ទាន់ នៅគ្រប់កម្រិត កំពុងផ្តល់អាទិភាពចំពោះ ការងារសម្លាប់មេរោគក្នុងទឹកទន្លេ, បឹង និងកាកសំណល់ទឹក រាប់សិបម៉ឺនម៉ែត្រគូប និងសំរាមរាប់ពាន់តោន ជារៀងរាល់ថ្ងៃ ក៏ដូចជាការវិភាគលើសំណាក ដែលប្រមូលបានមកពីកន្លែងទាំងនោះ»។ យ៉ាងណាមិញ របៀបនៃការធ្វើតេស្ត មិនត្រូវបានបញ្ជាក់លម្អិតឡើយ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើងបានរាយកាណ៍ថា មនុស្សប្រហែល ១០០,៤៦០នាក់ បន្ថែមទៀត មានចេញរោគសញ្ញាគ្រុនក្តៅ ដែលតួលេខនេះបានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេល១០ថ្ងៃកន្លងទៅ ខណៈដែលចំនួនករណីចេញរោគសញ្ញាគ្រុនក្តៅសរុបទូទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងនាខែមេសា គឺមានចំនួន ៣,២៧០,៨៥០នាក់ និងស្លាប់ ចំនួន៦៩នាក់៕