(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រថា ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣ ខែមិថុនាខាងមុខនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាកូរ៉េខាងជើង ដែលត្រូវបានគេជឿថា កំពុងរៀបចំផែនការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មី និងបន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ក្រសួងការបរទេសជប៉ុន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាខាងលើនេះ នឹងរួមមានវត្តមាន ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) និងសមភាគីរបស់លោក មកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃពុធសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៉ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ធ្វើដំណើរចាកចេញពីតំបន់អាស៉ី ក្រោយបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន៕