(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយថា លោកស្រីនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅសេតវិមាន នាថ្ងៃអង្គារសប្តាហ៍ក្រោយ ជាពេលដែលលោកស្រីរំពឹងថា នឹងពិភាក្សាអំពីការកើនឡើងនៃការប្រជែងឥទ្ធិពល នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ ប៉ុន្តែជំនួបជាមួយលោក បៃដិន បានស្ថិតក្នុងភាពប្រាកដប្រជា បន្ទាប់ពីលោកស្រី Ardern បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 កាលពីដើមខែនេះ ខណៈសេតវិមាន មានវិធានការ COVID-19 យ៉ាងតឹងរ៉ឹង។

លោកស្រី Ardern បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយបញ្ចប់ការថ្លែងសុន្ទរកថា នៅសកលវិទ្យាល័យ Harvard ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកថា លោកស្រី ក៏នឹងជួបជាមួយ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃដដែលនោះផងដែរ។

លោកស្រី Ardern រំពឹងថា របៀបវារៈនឹងរួមមានទាំង បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រជែងឥទ្ធិពល នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលចង់សំដៅលើ ការកើនឡើងនៃការប្រកួតប្រជែងគ្នា រវាងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយនិងប្រទេសចិន នៅក្នុងតំបន់នេះ។

លោក Ardern បានបន្ថែមថា «មានវិស័យមួយចំនួនដែលសហរដ្ឋអាមេរិក និងនូវែលសេឡង់មានទស្សនៈស្រដៀងគ្នាខ្លាំង... វិស័យមួយចំនួនដែលយើងចង់ឃើញ វត្តមានរបស់ពួកវាបន្តកើនឡើង។ ខ្ញុំស្រមៃថា យើងនឹងពិភាក្សាអំពីបញ្ហា នៅក្នុងតំបន់របស់យើង និងការពិតដែលថា វាកាន់តែមានការកើនឡើងកាន់តែខ្លាំងនៃការប្រលងប្រណាំងឥទ្ធិពល ហើយតួនាទីរបស់សហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចតំបន់របស់យើង គឺមានសារៈសំខាន់ណាស់»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Ardern ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺស្របពេលជាមួយនឹងការចាប់ផ្តើម នៃដំណើរទស្សនកិច្ចធំទូលាយមួយរបស់រដ្ឋមន្ត្រីការបរទេសចិន ទៅកាន់បណ្តាប្រទេសដីកោះ នៅតំបន់ប៉ាស៊ីហ្វិក ជាទីដែលភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះមានទាំងនូវែលសេឡង់ផងដែរ៕