(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថា មេដឹកនាំលោកខាងលិច កំពុងជឿជាក់លើខ្លួនឯងថាជាមនុស្សពិសេស ហើយតាំងខ្លួនជាអ្នកអស្ចារ្យ និងពោរពេញដោយការភ័យខ្លាច ដែលមិនសមហេតុផល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី RT លោក ឡារ៉ូវ បានលើកឡើងថ្លែងយ៉ាងដូច្នេះថា «យើងដឹងថាក្រុមលោកខាងលិច មានជំងឺភ័យខ្លាច និងភាពស្មុគស្មាញច្រើន ហើយដោយសារតែបញ្ហានេះ ទើបបង្កើតឲ្យមានភាពមិនចុះសម្រុង»។ លោកបានពន្យល់ថា «រាល់ដំណើរការណាមួយ ដែលមិនរាប់បញ្ចូលលោកខាងលិច, ដែលមិនស្ថិតក្រោមគ្រប់គ្រង របស់លោកខាងលិច គឺពួកគេយល់ថាជាការប្រឆាំង, ជាបញ្ហាប្រឈមចំពោះឥទ្ធិពលរបស់ពួកគេ។ វាហាក់ដល់ពេលហើយ ដែលពួកគេត្រូវទាត់ទម្លាប់នេះចោល»

ការកត់សម្គាល់របស់លោក ឡារ៉ូវ ធ្វើឡើងស្របពេលដែលលោក ព្យាយាមការពារជំហរប្រឆាំងរបស់ទីក្រុងមូស្គូ ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលរុស្ស៉ីចោទថាបានបង្ខិតបង្ខំ ប្រទេសផ្សេងទៀតឲ្យប្រកាន់យកឆន្ទៈរបស់ខ្លួន តាមមធ្យោបាយមិនអាចទទួល យកបាន។ លោក បានលើកឡើងថា ការជំរុញឱ្យមានការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច និងធ្វើឲ្យរុស្ស៉ីធ្លាក់ចូលក្នុងភាពឯកោ នៃទំនាក់ទំនងការទូត ដើម្បីឆ្លើយតបនឹងការវាយប្រហារ នៅអ៊ុយក្រែន គឺជាឧទាហរណ៍ថ្មីចុងក្រោយបង្អស់។

គួរបញ្ជាក់ថា បើតាមលោកឡារ៉ូវ វិបត្តិដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺបណ្តាលមកពី ដើមហេតុដូចគ្នា នោះគឺការមិនយកចិត្តទុកដាក់របស់លោកខាងលិច ចំពោះសន្តិសុខជាតិរុស្ស៊ី។ ពួកបានពង្រើយតន្តើយរាប់ទសវត្សរ៍ ចំពោះការជំទាស់របស់ទីក្រុងមូស្គូ ប្រឆាំងការពង្រីកខ្លួនរបស់ណាតូ នៅអឺរ៉ុប ដែលជំរុញឱ្យរុស្ស៉ីគ្មានជម្រើសអ្វី ក្រៅតែពីប្រើយោធា ដើម្បីទប់ទល់ការគំរាមកំហែង៕