(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រ (២៧ ឧសភា) ថា ប្រទេសនានាគួរតែចាត់វិធានការរហ័ស ដើម្បីទប់ស្កាត់ការរីករាលដាលនៃអុតស្វា និងចែករំលែកទិន្នន័យអំពីស្តុកវ៉ាក់សាំងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

លោក Sylvie Briand នាយកអង្គការសុខភាពពិភពលោក សម្រាប់ការត្រៀមលក្ខណៈបង្ការជំងឺឆ្លងសកលបានប្រាប់អង្គសន្និបាតប្រចាំឆ្នាំរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិថា «យើងគិតថា ប្រសិនបើយើងដាក់វិធានការត្រឹមត្រូវឥឡូវនេះ យើងប្រហែលជាអាចទប់ស្កាត់វា(អុតស្វា) បានយ៉ាងងាយស្រួល»។

ជំងឺអុតស្វាគឺជាជំងឺឆ្លងមេរោគកម្រិតស្រាល ដែលកើតមានជាទូទៅនៅក្នុងផ្នែកខ្លះនៃអាហ្វ្រិកខាងលិច និងកណ្តាល។

ជំងឺនេះឆ្លងរាលដាលជាចម្បងតាមរយៈការទំនាក់ទំនងជិតស្និទ្ធ និងរហូតដល់ការផ្ទុះឡើងនាពេលថ្មីៗនេះ កម្រត្រូវបានគេឃើញនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកណាស់ ដែលជាមូលហេតុដែលការលេចឡើងនៃករណីថ្មីៗនៅអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតនាពេលបច្ចុប្បន្នបានធ្វើឲ្យមានការព្រមាន។

រហូតមកដល់ពេលនេះមានប្រហែល ៣០០ករណីដែលត្រូវបានបញ្ជាក់ ឬសង្ស័យថា មាននៅក្នុងប្រហែល ២០ប្រទេស ដែលមេរោគនេះមិនធ្លាប់ឆ្លងរាលដាលពីមុនមក៕