(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ បានរិះគន់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដោយនិយាយថា គំនិតផ្ដួចផ្ដើមមួយនេះមានគោលបំណងធ្វើឱ្យចិនឯកោ ហើយវានឹងមិនផ្ដល់ផលចំណេញដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ដោយគ្មានទីក្រុងប៉េកាំង នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក មហាធៀ ធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិក្នុងទីក្រុងតូក្យូ រៀបចំឡើងសារព័ត៌មាន Nikkei នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ អតីតនាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ដោយសំដៅលើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដូច្នេះថា «សហរដ្ឋអាមេរិក តែងតែចង់ប្រើប្រាស់សម្ព័ន្ធភាពបែបនេះដើម្បីធ្វើឱ្យចិនឯកោ ហើយបណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ថាសម្ព័ន្ធភាពនេះមិនមែនជា សម្ព័ន្ធភាពសេដ្ឋកិច្ចនោះទេ តែវាជាសម្ព័ន្ធភាពនយោបាយ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីដើមសប្ដាហ៍កន្លងទៅនេះ ប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយមានប្រទេសចំនួន ១៣ចូលរួម កំលុងបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុន។ បើតាមលោក ចូ បៃដិន ក្របខណ្ឌសេដ្ឋកិច្ចនេះនឹងជួយឱ្យសហរដ្ឋអាមេរិក ធ្វើការកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី លើវិស័យជាច្រើនដូចជាចង្វាក់ផ្គត់ផ្គង់, ពាណិជ្ជកម្មឌីជីថល, ថាមពលស្អាត និងការប្រឆាំងអំពើ ពុករលួយជាដើម។

ប្រទេសចំនួន១៣ ដំបូងដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចនេះរួមាន អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ប្រទេសទាំងនេះបូកបញ្ចូលតំណាងឱ្យ ៤០ភាគរយនៃផលិតផលនៅក្នុងស្រុក ឬ GDP របស់ពិភពលោក៕