(ឡុងដ៍)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថារុស្ស៉ីបានធ្វើតេស្ដបាញ់ដោយជោគជ័យនូវមីស៊ីលគ្រូសល្បឿនលឿនជាង សំឡេង ហ្សៀកុន (Zircon) នៅក្នុងរយៈចម្ងាយ ១,០០០គីឡូម៉ែត្រ ដែលនេះគឺជាការសម្ញែងសាច់ដុំមួយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនកំពុងត្រៀមបញ្ជូនអាវុធទំនើបៗបន្ថែមឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិរុស្ស៉ី មីស៊ីល Zircon ត្រូវបានបាញ់ចេញពីវានាចម្បាំងមួយគ្រឿងនៅឯសមុទ្របារិន (Barents) ដោយវាបានធ្លាក់ចំ គោលដៅដែលបានកំណត់នៅឯសមុទ្រស។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកមីស៊ីល Zircon គឺជាមីស៊ីលជំនាន់ក្រោយមួយនៃប្រព័ន្ធអាវុធគ្មានគូប្រៀប របស់រុស្ស៉ី។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថាអាចហោះក្នុងល្បឿនលឿនជាងសំឡេង ៩ដង ហើយរុស្ស៉ីធ្លាប់បានធ្វើតេស្ដមីស៊ីល Zircon ចេញពីនាវាចម្បាំង និងនាវាមុជទឹកកាលពីឆ្នាំ២០២១។

កាលពីខែមេសាកន្លងទៅនេះ រុស្ស៉ីក៏បានធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប ICBM ឈ្មោះ សាម៉ាត (Sarmat) ដែលមានសមត្ថភាពបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរច្រើនជាង១០គ្រាប់ និងអាចវាយប្រហារដល់សហរដ្ឋអាមេរិក។ ការធ្វើតេស្ដអាវុធទាំងនេះទៀតសោតត្រូវបានគេមើលឃើញ ថាគឺជាសារគំរាមទៅកាន់លោកខាងលិច នៅចំពោះមុខសង្រ្គាមដែលបានឈានចូលក្នុងដំណាក់កាលថ្មី នៅឯតំបន់ដុនបាស់ ភាគខាងកើត ប្រទេសអ៊ុយក្រែន៕