(ព្រុចសែល)៖ ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលសហភាពអឺរ៉ុប លោកស្រី ស្តេលឡា ឃីរីអាឃីឌីស (Stella Kyriakides) បាននិយាយថា សហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមិនត្រូវបានបញ្ចេញឈ្មោះ នៅថ្ងៃអង្គារនេះ ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា (Monkeypox) ប្រហែល ១១០,០០០ដូស ដែលនឹងត្រូវចែកចាយ ចាប់ពីចុងខែមិថុនានេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសុខាភិបាលសហភាពអឺរ៉ុប ក្នុងប្រទេសលុចសំបួ (Luxembourg) នៅថ្ងៃអង្គារនេះ លោកស្រី Kyriakides បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងត្រូវបានទិញដោយប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ហើយនឹងត្រូវបានចែកចាយ ទៅកាន់បណ្ដាប្រទេសទាំងអស់នៃសហភាពអឺរ៉ុប។ មន្ត្រីគណៈកម្មការបានបន្ថែមថា ឈ្មោះក្រុមហ៊ុនផលិតវ៉ាក់សាំង នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ និងអេស៉្បាញ ក៏បានធ្វើការបញ្ជាទិញដោយខ្លួនឯង នូវវ៉ាក់សាំងបង្ការជំងឺអុតស្វានេះផងដែរ។ រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាសរុបប្រហែល ៩០០ករណីហើយ៕