(មូស្គូ)៖ រុស្ស៉ី បាននិយាយ នៅថ្ងៃពុធសប្តាហ៍នេះថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើ ការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថាភាពជាដៃគូ យុទ្ធសាស្រ្តរបស់រុស្ស៉ីជាមួយចិន បានទប់ទល់នឹងការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីសាបព្រោះភាពមិនចុះសម្រុង ស្របពេលដែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនផ្សេងទៀត បានបំផ្លាញទំនាក់ទំនងជាមួយទីក្រុងមូស្គូ។

លោកស្រី ហ្សាខារ៉ូវ៉ា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការផ្គត់ផ្គង់ថាមពលកំពុងកើនឡើងជាលំដាប់។ ចិនដឹងពីអ្វីដែលខ្លួនចង់បាន ហើយ មិនផ្តាច់ផ្លូវរបស់ខ្លួនឯងឡើយ ប៉ុន្តែលោកខាងលិចឯណោះទេ ដែលហាក់ដូចជាយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង»

គួរបញ្ជាក់ថា រុស្ស៉ី គឺជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីអារ៉ាប់ប៊ីសាអូឌីត និងជាប្រទេសនាំចេញឧស្ម័នធំជាងគេរបស់ ពិភពលោក។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ បាន និងកំពុងធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិ, ប្រេងចម្អិនអាហារ, ជី និងថាមពល កើនឡើងយ៉ាងខ្លាំង ខណៈដែលអឺរ៉ុបប្តេជ្ញាកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៉ី៕