(កៀវ)៖ មេដឹកនាំនៃប្រទេសធំៗ ចំនួន៣ របស់សហភាពអឺរ៉ុប គឺអាល្លឺម៉ង បារាំង និងអ៉ីតាលី ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងកៀវ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបង្ហាញពីការគាំទ្រ និងសាមគ្គីភាពរបស់ពួកគេចំពោះអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

ផែនការនៃដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz), ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្រ្តីអ៉ីតាលី លោក ម៉ារីយូ ដ្រាហ្គី (Mario Draghi) បានចំណាយពេលរៀបចំអស់ជាច្រើនសប្តាហ៍ ខណៈមេដឹកនាំទាំង ៣រូបនេះ កំពុងព្យាយាមបន្សាបលើការរិះគន់ ជុំវិញការឆ្លើយតបរបស់ពួកគេចំពោះសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដែលគេរំពឹងទុកនេះ មិនទាន់ត្រូវបានធ្វើការប្រកាសជាផ្លូវការឡើយ ដោយសារហេតុផលសន្តិសុខ ប៉ុន្តែដំណឹងនេះ ត្រូវបានផ្សព្វផ្សាយមួយថ្ងៃមុនពេល គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍អំពីដំណើរការរបស់សហភាពអឺរ៉ុប ចំពោះការស្នើសុំចូលជា សមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕