(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក២រូប នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្តួចផ្តើមសេចក្តីព្រាងច្បាប់មួយ ដើម្បីបង្កើនការគាំទ្រឱ្យខ្លាំងជាងមុន សម្រាប់តៃវ៉ាន់ ដែលរួមបញ្ចូលទាំងការផ្តល់ជំនួយសន្តិសុខ រាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក និងការកែសម្រួលនូវច្បាប់ចាស់ៗ ដើម្បីរឹងបន្តឹងទំនាក់ទំនងក្រៅផ្លូវការរបស់ទីក្រុងវ៉ាស៉ីនតោន ជាមួយដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ថ្មីស្តីពីគោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២ របស់សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប មានចែងពីការគំរាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងសកម្មភាពបំពានណាមួយ ដែលចិនបង្កឡើងចំពោះតៃវ៉ាន់ ហើយផ្តល់ហិរញ្ញប្បទានយោធាចំនួន ៤.៥ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ព្រមទាំងចាត់ទុកតៃវ៉ាន់ជា «សម្ព័ន្ធមិត្តមិនមែន NATO ដ៏សំខាន់មួយ» ថែមទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក បប់ មេណេនដេសន៍ (Bob Menendez) មកពីបក្សប្រជាធិបតេយ្យ និង លោក លីនស៉ី ហ្រ្គាហំា (Lindsey Graham) មកពីបក្សសាធារណរដ្ឋ បានគូសបញ្ជាក់ថា នេះជាការរៀបចំរចនាសម្ព័ន្ធដ៏ទូលំទូលាយបំផុត នៃគោលនយោយបាយរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៧៩ នៅពេលដែលទីក្រុងវ៉ាស៉ីនតោន ចាប់ផ្តើមទំនាក់ទំនងជាមួយចិន។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា នៅសប្តាហ៍ក្រោយនេះ។ ដោយឡែក ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយលើច្បាប់ ដែលបានស្នើឡើងនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលចោទប្រកាន់ចិនអំពី ការបង្កើនសកម្មភាពយោធា ឆ្ពោះទៅកាន់កោះតៃវ៉ាន់ គឺជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់តៃវ៉ាន់ ហើយដោយសារតែចំណុចនេះ ទើបធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ៕