(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ចិនបានចល័តនាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ខ្លួន មានឈ្មោះថា ហ្វូជាន (Fujian) ទៅដាក់នៅលើផ្ទៃទឹកហើយ ដើម្បីឈានទៅរកការសាងសង់បង្ហើយ និងការធ្វើតេស្តផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។

Fujian គឺជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបំផុត ដែលប្រើប្រាស់បច្ចេកវិទ្យា «អេឡិចត្រូម៉ាញេទិច កាតាភុល (Electromagnetic Catapult)» ដើម្បីជួយដល់ការហោះឡើងរបស់យន្តហោះចេញពីនាវា។ ប្រព័ន្ធបច្ចេកវិទ្យានេះហើយ ដែលប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះចម្បាំងប្រភេទ ចឺរ៉ាល់ អ័រ ហ្វដ ក្លាស (Gerald R. Ford-class) ដែលជានាវាផ្ទុកយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក។ ក្រោយការចល័តទៅដាក់នៅលើផ្ទៃទឹកនេះ វានឹងត្រូវឆ្លងកាត់ការធ្វើតេស្តផ្សេងៗ មុនពេលអាចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។

គួរបញ្ជាក់ថា នាវា Fujian នឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះចម្បាំង ២គ្រឿងមុនរបស់ចិន គឺនាវា សានទុង (Shandong) និង លាវនីង (Liaoning)។ យ៉ាងណាមិញ វាមានរូបរាងខុសពីនាវាទាំង២គ្រឿងនោះ ខណៈ សានទុង និង លាវនីង ប្រើប្រាស់បច្ចេកវិទ្យា ស្គី ចាំ (Ski Jump) សម្រាប់ជួយដល់ការហោះឡើងរបស់យន្តហោះ ដែលតម្រូវឱ្យផ្ទៃខាងមុខរបស់នាវា មានលក្ខណៈកោង ផ្ទុយពីផ្ទៃរបស់ Fujian ដែលមានលក្ខណៈរាបស្មើ៕