(ណៃពិដោ)៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ពិភពលោកកំពុងតែប្រឈមនឹងហានិភ័យ នៃការបង្កើតឡើងនូវ ក្មេងជំនាន់ក្រោយដែលត្រូវរស់នៅនិងធំដឹងក្តី អំលុងសម័យកាលដ៏អស្ថិរភាពមួយ នៅឯប្រទេសមីយ៉ាន់ម៉ា លុះត្រាតែមានវិធានការជាបន្ទាន់ ដើម្បីការពារពួកគេពីអំពើហិង្សា ដែលប្រព្រឹត្តដោយយោធា ចាប់តាំងពីរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
លោក ថម អាន់ឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំមីយ៉ាន់ម៉ា បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការវាយប្រហារឥតឈប់ឈរនៃរបបយោធា មកលើកុមារ បង្ហាញពីភាពអសីលធម៌ ក៏ដូចជាឆន្ទៈរបស់ពួកមេដឹកនាំយោធា ក្នុងការបង្កទុក្ខវេទនាលើជនរងគ្រោះស្លូតត្រង់ ក្រោមគោលបំណង ដើម្បីតែបង្រ្កាបប្រជាជនមីយ៉ាន់ម៉ា»។
អ្នករាយការណ៍ពិសេសរូបនេះ បានបន្ថែមថា កុមារមិនត្រឹមតែក្លាយជា ជនរងគ្រោះដោយយថាហេតុ នៅក្រោមការបង្រ្កាបយ៉ាងចាស់ដៃរបស់យោធា ទៅលើក្រុមប្រឆាំងប៉ុណ្ណោះទេ ពួកគេក៏បានក្លាយជាគោលដៅ ដែលកំណត់ទុកដោយចេតនា នៅក្នុងទង្វើដែលលោកហៅថា ស្មើនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Andrews យោធាមីយ៉ាន់ម៉ា បានធ្វើឱ្យកុមារយ៉ាងហោច ១៤២នាក់ បាត់បង់ជិវិត ហើយចាប់ឃុំខ្លួនជាង ១,៤០០នាក់ផ្សេងទៀត។ UN បានធ្វើការប៉ាន់ប្រមាណថា មានកុមារប្រហែល ៧.៨លាននាក់ មិនបានចូលសាលារៀន ដោយសារតែលទ្ធផលនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលរាប់ម៉ឺននាក់ខកខានមិនបាន ទទួលការចាក់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពសំខាន់ៗផ្សេងទៀត ដោយសារការដួលរលំប្រព័ន្ធសុខភាពសាធារណៈ។ ដោយឡែក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនទាន់មានការឆ្លើយតបចំពោះរបាយការណ៍នេះទេ៕