(បែរឡាំង)៖ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក ខាល ឡោថឺបាស (Karl Lauterbach) បាននិយាយថា អាល្លឺម៉ង់មិនមានបំណងដាក់ចេញនូវកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៀតនោះទេ ប៉ុន្តែកំពុងជំរុញឱ្យប្រជាជនកាន់តែច្រើន ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
លោក Lauterbach បានគូសបញ្ជាក់ថា នរណាម្នាក់ដែលតែងតែប្រាស្រ័យទាក់ទងច្រើនជាមួយអ្នកដទៃ ហើយចង់ការពារខ្លួនឯង និងអ្នកដទៃ គួរតែពិចារណាទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ដោយមិនគិតពីអាយុនោះទេ ខណៈប្រហែល ៨០%នៃប្រជាជន ដែលមានអាយុលើសពី ៦០ឆ្នាំនៅប្រទេសអាល្លឺម៉ង់ មិនទាន់ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ របស់ពួកគេនៅឡើយ។ លោក Lauterbach ក៏បានណែនាំឱ្យប្រជាជនបន្តពាក់ម៉ាសនៅក្នុងទីកន្លែងបិទជិតផងដែរ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ២៧.០៩លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤០,២០០នាក់ និងអ្នកជាសះស្បើយជាង ២៦.១៣លាននាក់៕