(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧២៣ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៤២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន៥០ករណី និងខេត្ត Nghe An ចំនួន ៣៧ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃសុក្រនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៣៦,៤០៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៥៩១,៤៨៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៣នាក់៕