(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា បុគ្គលទាំងឡាយដែលនៅជឿថា អ្វីៗនឹងត្រឡប់ទៅរកសភាព ដូចកាលពីមុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងនោះ គឺខុសធំហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសុន្ទរកថារបស់លោក នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសេនភីតឺស្បឺគ ហៅកាត់ថា SPIEF កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ពូទីន បាននិយាយថា វាគឺជាការយល់ខុស ក្នុងការគិតថាអ្វីៗនឹងត្រឡប់ទៅដូចដើមវិញ ព្រោះវានឹងមិនយ៉ាងដូច្នោះឡើយ។ បើតាមលោកប្រធានាធិបតីរុស្ស៉ី ការប្រែប្រួលដែលពិភពលោកកំពុងឆ្លងកាត់នាពេលនេះ គឺមិនអាចធ្វើឱ្យត្រឡប់ក្រោយទេ ប៉ុន្តែមេដឹកនាំប្រទេសលោកខាងលិចមួយចំនួន នៅតែមិនព្រមទទួលស្គាល់ ការផ្លាស់ប្តូរយ៉ាងជាក់ស្តែងនេះ ហើយជ្រើសរើសនៅតោងជាប់នឹងស្រមោលពីអតីតកាល។

លោក ពូទីន បានបន្តថា ពួកគេទាំងនោះ នៅតែប្រកាន់ជំនឿថា ឫទ្ធានុភាពរបស់លោកខាងលិច នៅក្នុងសេដ្ឋកិច្ចនិងនយោបាយពិភពលោក គឺឋិតថេរជាអមតៈ ប៉ុន្តែលោកបានក្រើនរំលឹកថា ពុំមានអ្វីជាអមតៈឡើយ។ បើតាមលោក ពូទីន បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ មិនអាចបកប្រែសម្រាប់បម្រើដល់ ផលប្រយោជន៍របស់ប្រទេសមួយគ្រប់តែពេលនោះទេ ទោះបីជាប្រទេសមួយនោះ ជាប្រទេសខ្លាំងយ៉ាងណាក៏ដោយ។

ជាចុងក្រោយ បុរសខ្លាំងរុស្ស៉ីរូបនេះ បាននិយាយដាក់ចំសហរដ្ឋអាមេរិកថា វាហាក់ដូចជាទីក្រុងវ៉ាស៉ីនតោន នៅតែប្រកែកមិនព្រម ទទួលស្គាល់មហាអំណាចថ្មីៗ ដែលបានលេចមុខឡើង ក្នុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះយ៉ាងដូច្នោះ ខណៈពួកគេសុទ្ធតែមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីការពារផលប្រយោជន៍ ក៏ដូចជាធានានូវអធិបតេយ្យជាតិរបស់ខ្លួន៕