(វ៉ាស៉ីនតោន)៖ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានសម្រេចអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer និង Moderna ក្នុងលក្ខខណ្ឌបន្ទាន់ សម្រាប់កុមារដែលមានអាយុក្រោម ៥ឆ្នាំហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២។

FDA បានអនុម័តឱ្យចាក់វ៉ាក់សាំង Moderna ចំនួន ២ដូសសម្រាប់កុមារដែលមានអាយុពី ៦ខែដល់ ៥ឆ្នាំ និងចាក់វ៉ាក់សាំង Pfizer ចំនួន ៣ដូសសម្រាប់កុមារដែលមានអាយុពី ៦ខែដល់ ៤ឆ្នាំ។ ប្រធាន FDA លោក រ៉ូបឺត ខាលីហ្វ (Robert Califf) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឪពុកម្តាយ អ្នកថែទាំ និងគ្រូពេទ្យជាច្រើន បានរង់ចាំវ៉ាក់សាំងសម្រាប់កុមារតូចៗ ហើយវានឹងជួយការពារកុមារ ដែលមានអាយុក្រោម ៦ខែ។ យើងរំពឹងថា វ៉ាក់សាំងសម្រាប់កុមារតូចៗ នឹងផ្តល់ការការពារ ពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ដូចជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ជាដើម»

គួរបញ្ជាក់ថា ក្រោយការសម្រេចរបស់ FDA ឥឡូវមជ្ឈមណ្ឌល CDC របស់អាមេរិក នឹងត្រូវផ្តល់ការអនុម័តដូចគ្នា ដើម្បីឱ្យវ៉ាក់សាំងអាចប្រើប្រាស់បានជាផ្លូវការ។ យ៉ាងណាក្តី បើតាមរដ្ឋាភិបាលអាមេរិក ដរាបណាការសម្រេចចិត្តរបស់ FDA ត្រូវបានធ្វើឡើង វ៉ាក់សាំងចំនួន១០លានដូស អាចចល័តភ្លាមៗទៅកាន់រដ្ឋនីមួយៗនៅទូទាំងប្រទេស ហើយបន្ទាប់មកគឺ រាប់លានដូសបន្ថែមទៀត នៅក្នុងសប្តាហ៍បន្តបន្ទាប់។ បច្ចុប្បន្ន នៅទូទាំងសហរដ្ឋអាមេរិក មានកុមារអាយុ ៤ឆ្នាំ ឬក្រោមនេះ ប្រហែល ២០លាននាក់៕