(តៃប៉ិ)៖ អគារជាច្រើនក្នុងទីក្រុងតៃប៉ិ បានទទួលរងការរំញ័រមួយសន្ទុះ នៅថ្ងៃចន្ទនេះស្របពេលដែលគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានវាយប្រហារ ឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់។ ប៉ុន្តែ ភ្លាមៗ មិនមានរបាយការណ៍អំពីការខូចខាតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមកោះតៃវ៉ាន់បានឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើ មានជម្រៅ ៦.៨គីឡូម៉ែត្រ និងមានចំណុចកណ្ដាលស្ថិតនៅក្នុងស្រុក ហ័រលៀន (Hualien) ដែលមានប្រជាជនរស់នៅតិចបំផុតនៃកោះតៃវ៉ាន់។ យ៉ាងណាមិញ មិនទាន់ឃើញមានរបាយការណ៍ពីជនរងគ្រោះ ឬការខូចខាត ដោយសារគ្រោះរញ្ជួយដីនេះនៅឡើយទេ។

គួរបញ្ជាក់ថា តៃវ៉ាន់ គឺជាដែនកោះស្ថិតនៅលើចំណុចប្រសព្វរវាងផ្លាកតិចតូនិក ២ផ្សេងគ្នា ហើយងាយរងគ្រោះពីគ្រោះរញ្ជួយដី។ គ្រោះរញ្ជួយដីមួយ កាលពីឆ្នាំ២០១៦ នៅភាគខាងត្បូងកោះតៃវ៉ាន់ បានផ្តាច់ជីវិតមនុស្សច្រើនជាង ១០០នាក់ ខណៈគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ កាលពីឆ្នាំ១៩៩៩ បានផ្តាច់ជីវិតមនុស្សរហូតដល់ទៅជាង ២,០០០នាក់៕