(វ៉ាស៊ីនតោន)៖ គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក បានប្រកាសបដិសេធជាផ្លូវការចំពោះជ័យជម្នះរបស់ លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ ដោយចាត់ទុកថាជាលទ្ធផលខុសច្បាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋតិចសាស់ បានគូសបញ្ជាក់ដូច្នេះថា «យើងបដិសេធបញ្ជាក់លទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ ហើយយើងចាត់ទុកថាប្រធានាធិបតីបណ្ដោះអាសន្ន លោក ចូ បៃដិន មិនបាន ជាប់ឆ្នោតដោយស្របច្បាប់ពីសំណាក់ប្រជាជនអាមេរិកនោះទេ»

គួរបញ្ជាក់ថា លោក ចូ បៃដិនបានទទួលសន្លឹកឆ្នោត Popular Vote ច្រើនជាងលោក ដូណាល់ ត្រាំ ៧លានសំឡេង និងទទួលបានសំឡេងប្រតិភូចំនួន ៣០៦ លើសពីសំឡេងប្រតិភូចំនួន ២៧០ ដែលត្រូវការជាចាំបាច់ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ តិចសាស់ គឺជារដ្ឋដ៏សំខាន់មួយដែលមានប្រតិភូសរុប ៣៨ ច្រើនបំផុតបន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ហើយក្នុងរយៈពេលជាង ៤ទសវត្សរ៍មកនេះ រដ្ឋមួយនេះតែងតែបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ៕