(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាការវាយប្រហាររបស់ខ្លួននៅទីក្រុង ស៉ីវីយេរ៉ូដូណេត (Sievierodonetsk) ភាគខាងកើតអ៊ុយក្រែន កំពុងដំណើការទៅមុខដោយជោគជ័យ បន្ទាប់ពីខ្លូនដណ្តើមកាន់កាប់បានស្រុកមួយនៅឯជាយក្រុង មួយនេះ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៉ី លោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) បានឲ្យដឹងតាមរយៈសារជាវីដេអូ យ៉ាងដូច្នេះថា «ការវាយលុក លើគោលដៅក្នុងទីក្រុង Sievierodonetsk បានដំណើរការទៅដោយជោគជ័យ ហើយកងកម្លាំងរបស់យើងបានគ្រប់គ្រងភូមិមួយនៅជាយក្រុង»។ លោក កូណាសិនកូវ បានបន្ថែមថា «កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៉ី បន្តវាយប្រហារគោលដៅយោធា នៅលើទឹកដីរបស់អ៊ុយក្រែន»។ ជាមួយគ្នានោះ យើងបានប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ កាលីប (Kalibr) ដើម្បីវាយប្រហារទីបញ្ជាការមួយក្នុងតំបន់ នីប្រ៉ូប៉េត្រូវស៍ (Dnipropetrovsk) ដោយបាញ់ សម្លាប់ឧត្តមសេនីយ៍ និងទាហានអ៊ុយក្រែនជាច្រើននាក់»

ទោះជាយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាត់នូវព័ត៌មានលម្អិត ឬទំហំនៃការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែនបាននោះទេ ជុំវិញការបញ្ជាក់ ពីក្រសួងការពារជាតិរុស្ស៉ីខាងលើនេះ៕