(ដាកា)៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស បានទាមទារមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ខណៈដែលការអំពាវនាវនេះបានបន្លឺឡើងនៅក្នុងសហគមន៍ដើម្បីប្រារព្ធទិវាជនភៀសខ្លួនពិភពលោកកាលពីថ្ងៃចន្ទ ប្រាំឆ្នាំបន្ទាប់ពីមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធាដ៏ឃោរឃៅនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១.១លាននាក់កំពុងរស់នៅក្នុងការតាំងទីលំនៅដ៏តូចចង្អៀតរាប់សិបកន្លែងនៅតំបន់ Cox's Bazar ដែលជាកំពង់ផែនេសាទនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដោយគ្មានការងារធ្វើ កង្វះអនាម័យ និងឱកាសសិក្សាតិចតួច។

បន្ទាប់ពីការហាមឃាត់ការជួបជុំគ្នា ដោយសារតែការតវ៉ាដ៏ធំរបស់ប្រជាជនចំនួនជាង ១០០,០០០នាក់ក្នុងខែសីហា ឆ្នាំ២០១៩ អាជ្ញាធរបានអនុញ្ញាតឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យដើម្បីទាមទារមាតុភូមិនិវត្តន៍របស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ជនភៀសខ្លួនម្នាក់អាយុ ២៤ឆ្នាំ លោក Osman Johar ដែលបានចូលរួមក្នុងការប្រមូលផ្តុំនេះបានប្រាប់ Arab News ថា «យើងចង់ធ្វើមាតុភូមិនិវត្តន៍ដរាបណាការទាមទារដែលយើងបានធ្វើត្រូវបានបំពេញ ហើយមានបរិយាកាសអំណោយផលនៅក្នុងរដ្ឋរ៉ាឃីន»

គួរបញ្ជាក់ថា ក្នុងចំណោមការទាមទារផ្សេងទៀត ជនជាតិរ៉ូហ៊ីងយ៉ានៅតំបន់ Cox's Bazar បានទាមទារឱ្យពួកគេត្រូវបានទទួលស្គាល់ជាពលរដ្ឋផ្លូវការរបស់មីយ៉ាន់ម៉ា ហើយស្នើរឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទារុណកម្មសមាជិកសហគមន៍ពួកគេ និងជនជាតិភាគតិចផ្សេងទៀតផងដែរ៕