(មូស្គូ)៖ លោក ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov) ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងជានិពន្ធនាយកកាសែតរុស្ស៉ី ណូវ៉ាយ៉ា ហ្កាហ្សេតា (Novaya Gazeta) បានប្រកាសដាក់ដេញថ្លៃពានរង្វាន់របស់លោកក្នុងតម្លៃ ១០៣.៥លានដុល្លារ ដើម្បីយកប្រាក់ទាំងនេះទៅជួយដល់កុមារដែលភៀសខ្លួនដោយសារ សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

ស្ថាប័ន Heritage Auctions ដែលដឹកនាំការដេញថ្លៃនៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រាក់ចំណូលទាំងអស់ដែលទទួលបាន មកពីការដេញថ្លៃ នឹងផ្តល់អត្ថប្រយោជន៍ដល់ការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សម្រាប់កុមារដែល ផ្លាស់ទីលំនៅដោយសារសង្គ្រាមនៅអ៊ុយក្រែន។

បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការដេញថ្លៃពានរង្វាន់របស់លោក Muratov បានបំបែកកំណត់ត្រា ព្រោះការដេញថ្លៃខ្ពស់បំផុតកាលពីមុន ទទួលបានត្រឹមតែក្រោម ៥លានដុល្លារប៉ុណ្ណោះ។

Heritage Auctions បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ដដែលមុនពេលដាក់ដេញថ្លៃថា «ពានរង្វាន់នេះ មិនដូចការដេញថ្លៃពានរង្វាន់ផ្សេងទៀតនោះទេ។ លោក Muratov កំពុងអនុញ្ញាតឱ្យយើងដេញថ្លៃពានរង្វាន់របស់លោក មិនមែនជាការប្រមូលលុយទេ ប៉ុន្តែជាព្រឹត្តិការណ៍មួយដែលលោកសង្ឃឹមថា នឹងជួយដល់អាយុជីវិតជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់»

លោក Muratov ដែលជាសហស្ថាបនិកកាសែតរុស្ស៉ី Novaya Gazeta បានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ ជាមួយលោក Maria Ressa សម្រាប់អ្វីដែល គណៈកម្មាធិការពានរង្វាន់ណូបែលបាននិយាយថា «ជាការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីការពារសេរីភាពនៃការបញ្ចេញមតិ ដែលជាលក្ខខណ្ឌបឋមសម្រាប់ លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពយូរអង្វែង»