(ហ្សឺណែវ)៖ មន្រ្តីមួយរូបរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា គម្រោងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការប្រហារជីវិតគូបដិបក្ខនយោបាយរបស់ខ្លួន អាចជាទង្វើស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម ឬមួយក៏ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃទី០៣ ខែមិថុនា យោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងប្រហារជីវិត អតីតសមាជិកសភាមកពីគណបក្សនយោបាយ របស់លោកស្រី អោងសាន ស៊ូជី ព្រមទាំងសកម្មជនប្រជាធិបតេយ្យលេចធ្លោម្នាក់ ដោយអ្នកទាំងពីរត្រូវបានកាត់ទោស ក្រោមបទល្មើសភេរវកម្ម។ ប្រសិនបើការកាត់ទោសនេះ ត្រូវបានអនុវត្តមែន វានឹងក្លាយជាការប្រហារជីវិតតាមប្រព័ន្ធតុលាការលើកដំបូងបំផុត សម្រាប់ប្រទេសអាស៊ានមួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩០ មក។

លោក នីកូឡាស់ ឃុមជាន (Nicholas Koumjian) ប្រធានយន្តការស៉ើបអង្កេតឯករាជ្យ របស់អង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា ដែលបានឃ្លាំមើលសំណុំរឿងខាងលើ យ៉ាងយកចិត្តទុកដាក់នោះ បានលើកឡើងថា «យោងតាមព័ត៌មានដែលយើងប្រមូលបាន គឺនៅក្រោមច្បាប់អន្តរជាតិ សិទ្ធិជាមូលដ្ឋានរបស់បុគ្គលជាប់ពិរុទ្ធទាំងនោះ ត្រូវបានរំលោភបំពានយ៉ាងជាក់ស្តែង នៅក្នុងនិតីវិធីតុលាការ ដែលបានប្រព្រឹត្តទៅ»

លោក Koumjian បានសង្កត់ធ្ងន់បន្ថែមថា «ការផ្តន្ទាទោសប្រហារជីវិត ឬសូម្បីតែការឃុំខ្លួនក្នុងរយៈពេលណាមួយ ដោយផ្អែកលើនិតីវិធីតុលាការ ដែលមិនសមស្របតាមលក្ខខណ្ឌមូលដ្ឋាន នៃការជំនុំជម្រះក្តីដោយយុត្តិធម៌ទេនោះ គឺអាចជាសកម្មភាពស្មើនឹង ឧក្រិដ្ឋកម្មសង្រ្គាម ឬក៏ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបាន»

គួរបញ្ជាក់ថា អតីតសមាជិកសភាមីយ៉ាន់ម៉ាលោក ភីយ៉ូ ហ្សេយ៉ា ស (Phyo Zeya Thaw) និងសកម្មជនប្រជាធិបតេយ្យ លោក កូ ជីមី (Ko Jimmy) ព្រមទាំងបុគ្គល២នាក់ទៀត ដែលត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត គឺនឹងត្រូវព្យួរក បើយោងទៅតាមនីតិវិធីរបស់ពន្ធនាគារ។ មកទល់ពេលនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្តន្ទាទោសប្រហារជីវិតលើ សកម្មជនប្រឆាំងរដ្ឋប្រហារខ្ទង់រាប់សិបនាក់ ដែលជាផ្នែកមួយនៃយុទ្ធនាការបង្រ្កាបលើ ក្រុមអ្នកដែលមិនគាំទ្ររបបរបស់ខ្លួន ប៉ុន្តែមីយ៉ាន់ម៉ាមិនបានអនុវត្តទោសប្រហារជីវិត អស់រយៈពេលប៉ុន្មានទសវត្សរ៍មកហើយ៕