(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង ក៏ដូចជាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្នុងនោះ រួមមានទាំងការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប (ICBM) សាម៉ាត (Sarmat) ដែលទើបតែត្រូវបានធ្វើតេស្ដដោយជោគជ័យថ្មីនេះ នៅមុនដំណាច់ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងជំនួបតាមប្រព័ន្ធវីដេអូមួយ ជាមួយនិស្សិតយោធាដែលទើបតែបញ្ចប់ការសិក្សា ខណៈ រុស្ស៉ីកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន ដោយចង់សំដៅលើមីស៊ីលផ្លោង Sarmat បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធអាវុធនេះនឹងត្រូវបាន ដាក់ពង្រាយ នៅមុនដំណាច់ឆ្នាំនេះ»។
គួរបញ្ជាក់ថា Sarmat គឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ១០គ្រាប់ និងត្រូវបានលោក ពូទីន ចាត់ទុកថា ជាអាវុធគ្មានគូប្រៀប។ រុស្ស៉ីបានធ្វើតេស្ដមីស៊ីល Sarmat ដោយជោគជ័យកាលពីខែមេសាកន្លងទៅនេះ៕