(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៨៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៣៨៣ករណីជាករណីឆ្លងក្នុងស្រុក និង ៤ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៦៨៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៥០៤,៩២៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៥២៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៥លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៨លានដូស ក្នុងនោះប្រជាជនជាង ៥៦.៦៤លាននាក់ (៨១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៥២.៧៦លាននាក់ (៧៥.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕