(តាលិន)៖ ប្រទេសអេស្ដូនី នៅថ្ងៃអង្គារសប្ដាហ៍នេះបានកោះហៅអគ្គរដ្ឋទូតរុស្ស៉ី ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងការបំពានចូលដែនអាកាសរបស់ខ្លួនដោយ ឧទ្ធម្ភាគចក្ររុស្ស៉ីមួយគ្រឿង ហើយនេះគឺជាលើកទី២ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង ដែលរដ្ឋាភិបាលទីក្រុងតាលិនកោះហៅអគ្គរដ្ឋទូតរុស្ស៉ី។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
បើតាមក្រសួងការបរទេសអេស្ដូនី ឧទ្ធម្ភាគចក្ររុស្ស៉ីបានហោះចូលក្នុងដែនអាកាសភាគអាគ្នេយ៍នៃប្រទេសអេស្ដូនី ដោយគ្មានការអនុញ្ញាតកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអេស្ដូនីបានគូសបញ្ជាក់ដូច្នេះថា «អេស្ដូនីចាត់ទុកនេះគឺជាឧប្បដិហេតុធ្ងន់ធ្ងរ និងគួរឱ្យសោកស្ដាយ ព្រោះច្បាស់ណាស់វានឹងបង្កឱ្យមានភាពតានតឹងបន្ថែម ហើយនេះជារឿងមិនអាចទទួលយកបាន»។ ក្រសួងបន្ថែមថារុស្ស៉ីគួរតែ បញ្ឈប់ការគំរាមកំហែងប្រទេសក្បែរខាង និងត្រូវយល់ថារុស្ស៉ីនឹងត្រូវខាតបង់ធ្ងន់ធ្ងរដោយសារតែឈ្លានពានអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ខាងរុស្ស៉ីមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ។
គួរបញ្ជាក់ថា អេស្ដូនី ធ្លាប់ជាអតីតដែនដីចក្រភពរុស្ស៉ី មុននឹងទទួលបានឯករាជ្យក្រោយសង្រ្គាមលោកលើកទី១។ តែក្នុងឆ្នាំ១៩៤០ អេស្ដូនីបានក្លាយជា ដែនដីសហភាពសូវៀតម្ដងទៀត ហើយរហូតដល់ឆ្នាំ១៩៩១ ទើបទទួលបានឯករាជ្យសាជាថ្មី ក្រោយសូវៀតរលំរលាយ៕