(ប៉េកាំង)៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានថាការបែកបាក់គ្នា នៅក្នុងចំណោមប្រទេសនានានឹងមិនអាចជួយអ្វីបាន ឡើយ ដល់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងក្នុងសន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ុយក្រែន លោក តៃ ពីង (Dai Bing) អគ្គរដ្ឋទូតរងចិនប្រចាំ UN បានគូសបញ្ជាក់ថា «បរិយាកាសនយោបាយនៃការប្រឆាំងគ្នា បាន និងកំពុងសាយភាយដល់សហគមន៍អន្តរជាតិ តាំងពីការចាប់ផ្តើមជម្លោះនៅអ៊ុយក្រែន ដែលបានរំខានដល់ការធ្វើការ ងាររួមគ្នា យ៉ាងខ្លាំងលើវិស័យផ្សេងៗ និងបាននាំឲ្យមានការដេញដោលគ្នាអំពីសិទ្ធិអំណាច ឬប្រសិទ្ធភាព របស់សមាជិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខមួយនេះ»។
លោក Dai បានបន្ថែមថា «ការបែកបាក់ ឬការឈ្លោះប្រកែកគ្នា មិនអំណោយផលដល់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែនឲ្យបានត្រឹមត្រូវនោះទេ ហើយអាចនាំឲ្យ មានការបរាជ័យដល់យន្តការអភិបាលកិច្ចពិភពលោក, ធ្វើឲ្យពិភពលោកបែកបាក់កាន់តែខ្លាំងឡើង ហើយវាក៏មិនមែនជាផលប្រយោជន៍សម្រាប់ភាគីណាមួយទេ»។ លោក Dai បានសង្កត់ធ្ងន់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា «ការញុះញង់ឲ្យមានអំពើហិង្សា នឹងនាំទៅដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ឃោរឃៅ» រីឯការអុជអាលនាំឲ្យ មានការស្អប់ខ្ពើម អាចបំពុលបរិយាកាសនយោបាយអន្តរជាតិ, បំផ្លាញសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំសន្និសីទសង្ខេបស្តីពីវិបត្តិនៅអ៊ុយក្រែន នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក (New York) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២៕