(កាប៊ុល)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនាថ្ងៃពុធនេះថា គ្រោះរញ្ជួយដីកម្រិតធ្ងន់គឺ ៦.១រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគខាងកើត នៃប្រទេសអាហ្វហ្កានីស្ថាន ជាប់ព្រំប្រទល់ជាមួយប៉ាគីស្ថាន ហើយរបាយការណ៍បឋមបានអះអាងថា មនុស្សយ៉ាងហោចណាស់ ២៥០នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
អាជ្ញាធរអាហ្វហ្កានីស្ថានបានបន្ថែមថា តួលេខអ្នកស្លាប់ច្រើនជាង២៥០នាក់នេះ គឺទំនងជានឹងនៅបន្តកើនឡើងថែមទៀត ខណៈមនុស្សរាប់រយនាក់ ក៏បានរងរបួសផងដែរ។ យោងតាមទិន្នន័យពី ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណជា ៤៤គីឡូម៉ែត្រពីទីក្រុង ខូស (Khost) នៃខេត្ត Khost នៅភាគខាងកើតអាហ្វហ្កានីស្ថាន ជាមួយជម្រៅ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។
គួរបញ្ជាក់ថា ខណៈមនុស្សស្លាប់និងរបួស ត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះ នៅខាងប៉ាគីស្ថាននៅឡើយទេ៕