(អង់ការ៉ា)៖ ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ដែលជារជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធសប្តាហ៍នេះ បានទៅដល់ ប្រទេសតួកគី ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីតួគី លោក តាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអារ៉ាប៊ីសាអូឌីត ដើម្បីស្តារមុខមាត់របស់លោកក្នុងតំបន់ ឈូងសមុទ្រពែក្សឡើងវិញ ខណៈប្រធានាធិបតី លោក អឺដូហ្គាន់ ក៏កំពុងស្វែងរកជំនួយហិរញ្ញវត្ថុដែលអាចជួយសម្រាលសេដ្ឋកិច្ចរបស់ប្រទេសតួគី ដែលកំពុងធ្លាក់ចុះ នៅមុនការបោះឆ្នោតប្រធានាធិបតីចូលមដល់។

នៅក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំនៃប្រទេសទាំងពីរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ដើម្បីឈានទៅរកដំណាក់កាលថ្មីនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការដកការបន្តឹងផ្នែកពាណិជ្ជកម្ម, ជើងហោះហើរ, ការបញ្ចាំងរឿងភាគទូរទស្សន៍ ជាមួយនឹងការបញ្ឈប់ ការផ្សាយព័ត៌មានអវិជ្ជមានពីគ្នាទៅវិញទៅមកផងដែរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុង អង់ការ៉ា និងទីក្រុង រីយ៉ាដ បានធ្លាក់ចុះខ្លាំង ក្រោយការស្លាប់របស់អ្នកកាសែតម្នាក់គឺ លោក ចាម៉ាល់ កាស៊ូជី (Jamal Khashoggi) កាលពីឆ្នាំ២០១៨ នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីសស្តង់ប៊ុល ដោយនៅពេលនោះ លោក អឺដូហ្គាន់ បានស្តីបន្ទោសយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត៕