(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា សកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ មក គឺដូចគ្នានឹងពេលដែលកងទ័ពណាហ្ស៉ីអាល្លឺម៉ង់របស់ហ៊ីត្លែរ (Nazi Germany) ឈ្លានពានសហភាពសូវៀត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។

ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គីខាងលើនេះ ធ្វើឡើងចំថ្ងៃខួបនៃសង្រ្គាមលោកលើកទី២ (WW2) គឺថ្ងៃទី២២ ខែមិថុនា ដែលជាថ្ងៃកាន់ទុក្ខ និងរំលឹកដល់ជនរងគ្រោះនៃសង្គ្រាមដ៏មហាប្រល័យនេះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែន គឺជាសង្រ្គាមដែលមិនគួរ កើតឡើងទេ តែចុងក្រោយវានៅកើតឡើងដដែល»។ លោកបានបន្ថែមថា «សព្វថ្ងៃនេះ វាច្បាស់ណាស់ថាសកម្មភាពឈ្លានពានរបស់រុស្ស៉ីចាប់តាំងពី ថ្ងៃទី២៤ ខែកុម្ភៈមក គឺវាដូចគ្នាទៅនឹងការឈ្លានពានរបស់កងទ័ពហ៊ីត្លែរលើអតីតសហភាពសូវៀត កាលពីទី២២ ខែមិថុនា (ឆ្នាំ១៩៤១)។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ហ្សេលេនស្គី ក៏បានទទូចស្នើសុំអាវុធធុនធ្ងន់បន្ថែមពីបណ្ដាប្រទេសលោកខាងលិចផងដែរ ដើម្បីប្រយុទ្ធ តតាំងជាមួយទាហានរុស្ស៉ី នៅក្នុងសមរភូមិសង្រ្គាមដុនបាស់៕