(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអះអាងថា ខ្លួនទទួលបាននូវការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ HIMARS របស់សហរដ្ឋអាមេរិកហើយ ជាមួយ នឹងក្តីសង្ឃឹមថាអាចនឹងតស៊ូប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៉ី ក្នុងតំបន់ដុនបាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។

លោក អូឡិចស៉ី រ៉េសនីកូវ (Oleksii Reznikov) រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «សូមអរគុណដល់សម្ព័ន្ធមិត្តអាមេរិក ជាពិសេស មិត្តរបស់ខ្ញុំ គឺលោករដ្ឋមន្រ្តីការពារជាតិ ឡយដ៍ អូស្ទីន (Lloyd Austin) សម្រាប់សព្វាវុធដ៏មានអនុភាពនេះ»។ ព្រមជាមួយនឹងការមកដល់នៃសព្វាវុធដ៏ទំនើបនេះ លោក រ៉េសនីកូវ ក៏បានគូសបញ្ជាក់ថា «នារដូវក្តៅនេះ នឹងជាពេលវេលាចុងក្រោយសម្រាប់កងកម្លាំងរបស់រុស្ស៉ី ដែលកំពុងកាន់កាប់លើទឹកដីអ៊ុយក្រែន»។ យ៉ាងនេះក្តី លោក មិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃប្រព័ន្ធមីស៊ីល HIMARS ដែលត្រូវបានបញ្ជូនទៅដល់ទីក្រុងកៀវនៅពេលនេះទេ។

គួរបញ្ជាក់ថា កន្លងទៅ អ៊ុយក្រែននិយាយថាខ្លួនត្រូវការប្រព័ន្ធមីស៊ីល HIMARS ដើម្បីប្រើប្រាស់ក្នុងសមរភូមិនៃតំបន់ដុនបាស់ (Donbas) ចំពោះមុខការព្រមានពីរុស្ស៉ីថា ខ្លួននឹងវាយប្រហារលើគោលដៅនានាដែលពួកគេ «មិនទាន់បានវាយលុក» ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកខាងលិចផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់ទីក្រុងកៀវពិតមែននោះ៕