(ញូវដែលី)៖ ឥណ្ឌានឹងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ និងក្រុមបច្ចេកទេសដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថានភាគខាងកើត បន្ទាប់ពីជួបគ្រោះរញ្ជួយដីដ៏អាក្រក់ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា បានសម្លាប់មនុស្ស ១,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃសុក្របាននិយាយថា ជំនួយសង្គ្រោះចំនួន ២៧តោននៅលើជើងហោះហើរចំនួន២ រួមមានរបស់របរប្រើប្រាស់ជាមូលដ្ឋាន ដូចជាតង់សម្រាប់គ្រួសារ ភួយ ខ្នើយនិងកន្ទេលសម្រាប់គេងជាងដើម។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បាននិយាយថា «ឥណ្ឌាជាអ្នកឆ្លើយតបដំបូងយ៉ាងពិតប្រាកដ»។

សេចក្តីថ្លែងការបានគូសបញ្ជាក់ថា «ការបញ្ជូនជំនួយនេះនឹងត្រូវប្រគល់ទៅឱ្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ និងអង្គការអឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល»។

គួរបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីកាប៊ុល និងក្បែរព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោច ១,០០០នាក់ និងបង្កឱ្យរបួសជាង ១,៥០០នាក់៕