(វ៉ាស៊ីនតោន)៖ លីទុយអានី ដែលជាសមាជិកបក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប នៅថ្ងៃចន្ទ ទី២០ ខែមិថុនានេះបានចាប់ផ្ដើមហាមឃាត់ការដឹកទំនិញ ឆ្លងកាត់ទឹកដីរបស់ខ្លួន ឆ្ពោះទៅ និងមកពីតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី។ បើតាមលីទុយអានី ការហាមឃាត់នេះគ្រាន់តែជាការអនុវត្តតាម ការដាក់ទណ្ឌកម្មលើទំនិញមួយចំនួនដែលកំណត់ដោយសហភាពអឺរ៉ុប ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនប៉ុណ្ណោះ រីឯការធ្វើដំណើររបស់ អ្នកដំណើរ ឬទំនិញដែលមិនស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម អាចចរាចរឆ្លងកាត់តំបន់នេះជាធម្មតា។

តែទោះជាបែបនេះ ការសម្រេចចិត្តរបស់លីទុយអានី បានធ្វើឱ្យរុស្ស៉ីក្ដៅស្លឹកត្រចៀក ដោយលោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) ដែលជាអតីត ទីភ្នាក់ងារស៊ើបការសម្ងាត់ កា ហ្សេ បេ (KGB) និងបច្ចុប្បន្ន ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានគំរាមត្រង់ៗថាមូស្គូនឹងចាត់វិធានការឆ្លើយតបដែល នឹងធ្វើឱ្យប្រជាជននៃរដ្ឋក្នុងតំបន់បាល់ទិកមួយនេះមានអារម្មណ៍ឈឺចាប់។ គេមិនដឹងថា រុស្ស៉ីនឹងចាត់វិធានការក្រោមរូបបែបណានោះទេ តែមូស្គូបានហៅ ការដាក់ទណ្ឌកម្មរបស់លីទុយអានីលើតំបន់កាលីនីនក្រាដ គឺជា «ការបិទខ្ទប់» ឬ blockade ហើយដែលពាក្យថា «blockade» នៅក្នុងច្បាប់អន្តរជាតិអាចនឹងត្រូវ បានចាត់ទុកថាជា «ការប្រកាសសង្រ្គាម»។

មែនទែនទៅ ក្រុមជំនាញជាច្រើន បានបង្ហាញការព្រួយបារម្ភថាតំបន់កាលីនីនក្រាដនេះអាចនឹងក្លាយជាចំណុចក្ដៅរវាង NATO និងរុស្ស៉ី នៅមុនសង្រ្គាមអ៊ុយក្រែន ដែលលោកខាងលិចហៅថាជា «ការឈ្លានពានរបស់រុស្ស៉ី» ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ។ កាលីនីនក្រាដ មានទីតាំងស្ថិតនៅចំកណ្ដាលប៉ូឡូញ និងលីទុយអានី ហើយជាប់សមុទ្របាល់ទិកនៅប៉ែកខាងជើង។ កាលពីដើមឡើយ កាលីនីនក្រាដដែលមានឈ្មោះថា ខូនីសស្បឺគ (Königsberg) គឺជាអតីតទឹកដី គ្រប់គ្រងដោយអាល្លឺម៉ង់។ ប៉ុន្តែ ត្រូវបានកងទ័ពសូវៀតវាយដណ្ដើមកាន់កាប់ពីកងទ័ពហ៊ីត្លែរ នៅខែមេសា ឆ្នាំ១៩៤៥ ហើយត្រូវបានបញ្ចូលជាទឹកដីសូវៀតក្រោម កិច្ចព្រមព្រៀងពុតស្ដាំ (Potsdam) រីឯខូនីសស្បឺគ ត្រូវប្ដូរឈ្មោះទៅជាកាលីនីនក្រាដ ក្នុងឆ្នាំ១៩៤៦។

នៅមុនសូវៀតដួលរលំ កាលីនីនក្រាដមិនមែនជាបញ្ហាចោទសម្រាប់អឺរ៉ុបនោះទេ ព្រោះនៅពេលនោះទាំងប៉ូឡូញ និងលីទុយអានី រួមទាំងប្រទេសក្នុងតំបន់បាល់ទិក ២ទៀតដូចជា អេស្ដូនី និងឡេតូនី ស្ថិតនៅក្នុងសហភាពសូវៀតជាមួយរុស្ស៉ីស្រាប់។ តែក្រោយសូវៀត រលំរលាយនៅឆ្នាំ១៩៩១ លីទុយអានី ប៉ូឡូញ អេស្ដូនី និងឡេតូនីបានក្លាយជាសមាជិក NATO និងសហភាពអឺរ៉ុប ដែលនេះបានធ្វើឱ្យកាលីនីនក្រាដ នៅដាច់ឆ្ងាយពីរុស្ស៉ី ហើយមានប៉ូឡូញ និងបេឡារុសដែលជា សម្ព័ន្ធមិត្តរុស្ស៉ីនៅចំកណ្ដាល។

ផ្អែកលើទីតាំងភូមិសាស្ត្រ កាលីនីនក្រាដបានផ្ដល់អត្ថាប្រយោជន៍ទាំងយុទ្ធសាស្ត្រ និងយោធាយ៉ាងសម្បើមដល់រុស្ស៉ី ដោយរុស្ស៉ីអាចបោះមូលដ្ឋានទ័ពដ៏ធំមួយនៅ ចំកណ្ដាលទឹកដី NATO និងអឺរ៉ុប។ រុស្ស៉ីមិនដែលបានទទួលស្គាល់ថាខ្លួនបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងតំបន់កាលីនីនក្រាដនោះទេ។ ប៉ុន្តែ ចាប់តាំងពីមាន ភាពតានតឹងជាមួយបណ្ដាប្រទេសលោកខាងលិច និងក្រោយការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤មក ជាពិសេសក្នុងឆ្នាំ២០១៨ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (Federation of American Scientists) ដោយសំអាងលើរូបថតផ្កាយរណបបានសន្និដ្ឋានថារុស្ស៉ីបានដាក់ពង្រាយកងទ័ព កាន់តែច្រើន ព្រមទាំងបានធ្វើទំនើបកម្មយោធា ក៏ដូចជាបានដាក់ពង្រាយប្រព័ន្ធមីស៊ីលអ៉ីស្កាន់ឌឺ (Iskander) នៅក្នុងតំបន់កាលីនីនក្រាដ។ Iskander ជាប្រភេទ មីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយថ្វីបើវាជាមីស៊ីលរយៈចម្ងាយខ្លីក៏ពិតមែន តែបើយកទៅដាក់ ឬបាញ់ចេញពីតំបន់ កាលីនីនក្រាដ នោះរុស្ស៉ីអាចបាញ់មីស៊ីល Iskander ពាំក្បាលគ្រាប់នុយក្លេអ៊ែរនេះទៅដល់ស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងតំបន់អឺរ៉ុប។

លើសពីនេះទៅទៀត បញ្ហាដ៏ធំសម្រាប់ NATO នោះគឺច្រកផ្លូវដ៏សំខាន់មួយដែលគេហៅថា ស៊ូវ៉ាល់គី (Suwałki)។ Suwalki គឺជាច្រកផ្លូវគោកតែមួយគត់មាន ប្រវែងតែជាង ៦០គីឡូម៉ែត្រប៉ុណ្ណោះ ដែលតភ្ជាប់តំបន់កាលីនីនក្រាដ ទៅកាន់លីទុយអានី និងប៉ូឡូញ រហូតដល់បេឡារុស ជាទីដែលកងទ័ពរុស្ស៉ីកំពុងឈរជើង នៅទីនោះស្រាប់។ ក្នុងន័យនេះបើសង្រ្គាមរវាង NATO និងរុស្ស៉ីផ្ទុះឡើង ហើយរុស្ស៉ីអាចបញ្ជូនកងទ័ពគ្រប់គ្រងច្រកផ្លូវ Suwalki នេះបាន នោះប្រទេសក្នុង តំបន់បាល់ទិកទាំង៣គឺ លីទុយអានី អេស្ដូនី និងឡេតូនី ដែលសុទ្ធសឹងតែជាសមាជិក NATO នឹងត្រូវបានកាត់ផ្ដាច់ចេញទាំងស្រុងពី NATO ព្រោះថា Suwalki គឺជាច្រកផ្លូវគោកតែមួយគត់ដែលតភ្ជាប់ប្រទេសក្នុងតំបន់បាលទិក ទៅកាន់ប៉ូឡូញ និងប្រទេស NATO ដទៃ។ ផ្ទុយមកវិញ បើ NATO បញ្ជូនកងទ័ពគ្រប់គ្រង ច្រកផ្លូវដ៏តូចនេះបានវិញ នោះបានន័យថារុស្ស៉ីនឹងត្រូវកាត់ផ្ដាច់ទាំងស្រុងដូចគ្នាពីផ្លូវគោកឆ្ពោះទៅតំបន់កាលីនីនក្រាដ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក លីទុយអានីបានទទូចម្ដងហើយម្ដងទៀតឱ្យបក្សសម្ព័ន្ធយោធា NATO បង្កើនការដាក់ពង្រាយកងទ័ព នៅលើទឹកដីរបស់ខ្លួន។ កាលពីខែមេសាកន្លងទៅ ប្រធានាធិបតីលីទុយអានី លោក ហ្ស៉ីតាណាស់ ណូសេដា (Gitanas Nauseda) បាននិយាយថា NATO គួរតែ ពង្រីកកងវរសេនាតូចសព្វថ្ងៃទៅជាកងវរសេនាធំ និងបានអំពាវនាវឱ្យកងពង្រឹងកងទ័ពនៅក្នុងតំបន់ច្រកផ្លូវ Suwalki នេះផងដែរ៕