(វ៉ាស៊ីនតោន)៖ ការព្រួយបារម្ភបានកើនឡើងគួរឱ្យកត់សម្គាល់ នៅកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងនៅក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់អាស៊ីថាចិន កំពុងត្រៀមលក្ខណៈវាយកាន់កាប់តៃវ៉ាន់ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ បើគេចាំមិនភ្លេចទេ កំលុងផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាអាវុធ នៃព្រឹទ្ធសភាអាមេរិក កាលពីឆ្នាំ២០២១ អតីតមេបញ្ជាការអាមេរិក នៃទីបញ្ជាការកងទ័ពប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកឧត្តមនាវី ហ្វីលីព ដាវីដសុន (Philip Davidson) បានព្រមានថាចិនអាចនឹងព្យាយាមវាយយកតៃវ៉ាន់ នៅក្នុងរយៈពេល ៦ឆ្នាំខាងមុខ ឬនៅឆ្នាំ២០២៧។

ការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោក គឺជាក្ដីស្រមៃដ៏ធំមួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ អ្នកវិទ្យាសាស្ត្រនយោបាយដូចជា លោកស្រី អូរីយ៉ាណា ស្កាយឡា ម៉ាស្ត្រូ (Oriana Skylar Mastro) ក៏យល់ឃើញស្រដៀងគ្នានឹងលោក ដាវីដសុន ដែរថាលោក ស៊ី ជិងពីង ចង់បង្រួបបង្រួមជាមួយកោះតៃវ៉ាន់ជាផ្នែកមួយនៃ ការបន្សល់ទុក «មរតកផ្ទាល់ខ្លួន» សម្រាប់កូនចៅចិនជំនាន់ក្រោយ។ បើតាមលោកស្រី ម៉ាស្ត្រូ ការប្រើកម្លាំងយោធាអាចនឹងធ្វើឡើងនៅមុនអាណត្តិទី៣របស់លោក ស៊ី ជិនពីង ក្នុងតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន អស់សុពលភាពនៅឆ្នាំ២០២៧ ឬអាចមុននឹងអាណត្តិទី៤ របស់លោក បិទបញ្ចប់នៅឆ្នាំ២០៣២។

សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានក្លាយជាមូលហេតុចម្បងមួយ នៃការបារម្ភរឹតតែខ្លាំងថាចិនអាចនឹងយកគំរូតាមរុស្ស៉ីប្រើកម្លាំងយោធាលើតៃវ៉ាន់ ហើយ ប៉េកាំងប្រហែលជាកំពុងលួចញញឹមក្នុងចិត្តដោយឃើញអាមេរិកត្រូវបង្វែរធនធានទាំងនយោបាយ និងយោធាទៅកាន់តំបន់អឺរ៉ុប។ ថ្នាក់ដឹកនាំចិន ក៏កំពុងព្យាយាម បកស្រាយដែរថាការឆ្លើយតបរបស់បណ្ដាប្រទេសលោកខាងលិច ទៅនឹងការឈ្លានពានរបស់រុស្ស៉ីបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនធ្វើអន្តរាគមន៍យោធាការពារ ប្រទេស ឬតំបន់មួយដែលមិនត្រូវបានចងភ្ជាប់ជាមួយសន្ធិសញ្ញាយោធា ដើម្បីប្រឆាំងនឹងប្រទេសមួយដែលជាមហាអំណាចនុយក្លេអ៊ែរនោះទេ។ ត្រង់ចំណុចនេះ លោក ដាវីដ សេក (David Sacks ) ជាអ្នកជំនាញម្នាក់មកពី Council on Foreign Relations បាននិយាយថាអ្នកបង្កើតគោលនយោបាយចិនអាចនឹងធ្វើការសន្និដ្ឋានថាឃ្លាំង អាវុធនុយក្លេអ៊ែររបស់រុស្ស៉ីពិតជាមានប្រសិទ្ធភាពកំញើញសហរដ្ឋអាមេរិក មិនឱ្យលូកដៃដោយផ្ទាល់ចូលក្នុងសង្រ្គាមអ៊ុយក្រែន ម្លោះហើយអាមេរិកក៏ប្រហែលជាមិន ហ៊ានចូលជួយតៃវ៉ាន់ ធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយចិននោះដែរ។

ក៏ប៉ុន្តែ ការភ័យខ្លាចថា ចិនអាចនឹងវាយប្រហារលើតៃវ៉ាន់ ក្នុងពេលឆាប់ៗនេះ ឬអនាគតដ៏ខ្លីប្រហែលជាមិនអាចក្លាយជាការពិតឡើយ។ អស់រយៈពេលរាប់ទសវត្សរ៍ មកនេះ គោលនយោបាយរបស់ចិនចំពោះតៃវ៉ាន់ មានតែពាក្យមួយគត់ នោះគឺ «អត់ធ្មត់» ដូចគ្នាទៅនឹងគោលនយោបាយដែលប៉េកាំងកំពុងអនុវត្តក្នុងសំណុំរឿងជម្លោះ ទឹកដី រាប់ចាប់ពីជម្លោះព្រំដែនជាមួយឥណ្ឌា រហូតដល់សមុទ្រចិនខាងត្បូង។ លោក រ៉ូបឺត ប្លេកវៀល (Robert Blackwill) និងលោក ហ្វីលីព ហ្សេកូវ (Philip Zelikow) បានសរសេរ នៅក្នុងរបាយការណ៍ឆ្នាំ២០២១របស់ខ្លួន និងត្រូវបានចេញផ្សាយដោយ Council on Foreign Relations ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយមាន មូលដ្ឋានក្នុងសហរដ្ឋអាមេរិក ថា «តៃវ៉ាន់នឹងក្លាយជាចំណុចក្ដៅ និងដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ដែលអាចនឹងផ្ទុះទៅជាសង្រ្គាមរវាងអាមេរិក និងចិន នៅពេលអនាគត»

ជាការពិតណាស់ តៃវ៉ាន់សុទ្ធតែសំខាន់សម្រាប់ចិន និងសហរដ្ឋអាមេរិក។ ពោលគឺសម្រាប់អ្នកជាតិនិយមចិន តៃវ៉ាន់គឺជាបញ្ហាស្លាប់រស់នៃអាយុជីវិតជាតិ រីឯសម្រាប់ សហរដ្ឋអាមេរិក តៃវ៉ាន់អាចកំណត់ពីជោគវាសនានៃអំណាចរបស់អាមេរិក នៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោកទាំងមូល។ ក្នុងឆ្នាំ១៩៧៩ នៅពេលដែលអាមេរិក ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដើម្បីភ្ជាប់ទំនងជាមួយចិន ទីក្រុងប៉េកាំងមានឱកាសដ៏ល្អ ដើម្បីយកឈ្នះតៃវ៉ាន់ដោយមិនបាច់ចម្បាំង ពីព្រោះតៃវ៉ាន់ នៅពេលនោះ នៅឯកោទាំងការទូត និងមានយោធាទន់ខ្សោយ ហើយសេដ្ឋកិច្ចទៀតសោតពឹងផ្អែកយ៉ាងខ្លាំងលើចិនដីគោក។ ឆ្លៀតឱកាសនេះចិនកាន់តែលើកទឹកចិត្ត ឱ្យក្រុមហ៊ុនតៃវ៉ាន់ បោះទុនរកស៊ីនៅចិនដីគោក បញ្ជូនជនជាតិចិនឱ្យទៅធ្វើទេសចរណ៍នៅតៃវ៉ាន់ ព្រមទាំងបានបង្កើនការទិញទំនិញពីតៃវ៉ាន់ និងវិនិយោគលើប្រព័ន្ធ ផ្សព្វផ្សាយនៅលើទឹកដីតៃវ៉ាន់ ក្នុងចេតនាផ្សាយព័ត៌មានល្អពីចិន និងលើកមុខមាត់ថ្នាក់ដឹកនាំតៃវ៉ាន់ប្រឆាំងនឹង «ឯករាជ្យ» នៅក្នុងជួរគណបក្សគួរមិញតាង ឬគណបក្សជាតិនិយមតៃវ៉ាន់។

ក៏ប៉ុន្តែ ការព្យាយាមនេះមិនបានទទួលលទ្ធផលដែលចិនចង់បានឡើយ។ ជាក់ស្ដែង បើតាមការស្ទង់មតិ ចំនួនប្រជាជនតៃវ៉ាន់ដែលធ្លាប់តែគាំទ្រឱ្យទីក្រុងតៃប៉ិ បង្រួបបង្រួមជាមួយចិនដីគោក បានថយចុះពី ២៨ភាគរយក្នុងឆ្នាំ១៩៩៩ មកនៅតិចជាង ២ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២នេះ ខណៈប្រជាជនតៃវ៉ាន់ភាគច្រើនគាំទ្រ ឱ្យតៃវ៉ាន់ នៅតែរក្សាស្ថានភាពដើម នោះគឺ «មិនប្រកាសឯករាជ្យ ហើយក៏មិនបង្រួបបង្រួមជាមួយចិន»។ ប្រឈមមុខនឹងនិន្នាការបែបនេះឯង ទើបចិនចាប់ផ្ដើមប្រកាន់ ជំហរដាច់អហង្ការចំពោះតៃវ៉ាន់ ដោយប៉េកាំងបានបង្កើនការធ្វើយុទ្ធនាការការទូតធ្វើឱ្យតៃវ៉ាន់កាន់តែ «ឯកោ» នៅលើឆាកអន្តរជាតិ ជាមួយការបញ្ចុះបញ្ចូលឱ្យបណ្ដា ប្រទេស ឬដែនដីដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ ផ្ដាច់ទំនាក់ទំនងទូតជាមួយតៃប៉ិ ដើម្បីប្រយោជន៍សេដ្ឋកិច្ចដែលចិនផ្ដល់ឱ្យ។

ក្រៅតែពីការទូត ចិនត្រូវបានគេមើលឃើញថា កំពុងធ្វើតេស្ដលើសមត្ថភាពយោធាតៃវ៉ាន់ តាមរយៈការបញ្ជូនយន្ដហោះចម្បាំងចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ និងពង្រឹងសមត្ថភាពយោធា ដែលមន្ទីរបញ្ចកោណហៅថាជា «យុទ្ធសាស្ត្ររារាំងសត្រូវមិនឱ្យចូលទឹកដី», មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយកំណត់គោលដៅជាក់លាក់, បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ មីស៊ីលប្រឆាំងនាវាចម្បាំង នាវាមុជទឹក ប្រព័ន្ធ Cyber និងទីអវកាសជាដើម ដែលទាំងនេះសុទ្ធសឹងតែជាសមត្ថភាពដែលចិនកំពុងអភិវឌ្ឍ ដើម្បីរារាំងកុំឱ្យសហរដ្ឋអាមេរិក ចូលជួយតៃវ៉ាន់។ សកម្មភាពទាំងនេះហើយដែលត្រូវបានអ្នកជំនាញខ្លះយល់ថាចិនកំពុងត្រៀមលក្ខណៈវាយប្រហារលើតៃវ៉ាន់។

តែតាមពិតទៅ ចំពោះតៃវ៉ាន់ ចិននឹងបន្តអនុវត្តយុទ្ធសាស្ត្រអត់ធ្មត់ ហើយរឿងដែលសំខាន់ នោះគឺដោយសារតែក្រុមអ្នកយុទ្ធសាស្ត្រចិនដឹងយ៉ាងច្បាស់ថា សព្វថ្ងៃទោះជា អំណាចចិនកំពុងឡើងកូដក៏ពិតមែន តែនៅតែមិនទាន់មានតុល្យភាពអំណាចគ្រប់គ្រាន់ ឬស្មើនឹងលោកខាងលិចនោះទេ។ តួយ៉ាង ព្រឹទ្ធបុរសមកពីវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃសាកលវិទ្យាល័យ ស៊ីងហ័រ (Tsinghua) លោក យ៉ាង ហ្សេតុង (Yan Xuetong) បានអះអាងថាអំណាចរបស់ចិននៅលើពិភពលោកនៅតែមានដែនកំណត់ បើទោះជាចិនជាមហាអំណាចដ៏ធំមួយក៏ដោយ។ មិនតែប៉ុណ្ណោះ ចិនក៏នៅតែបន្តគិតផងដែរថាខ្លួននៅតែជាប្រទេសកំពុងអភវឌ្ឍ ហើយ GDP នៃប្រជាជនចិនម្នាក់ៗ នៅតែដើរតាមពីក្រោយប្រទេសជឿនលឿនលោកខាងលិច នៅឡើយ។

ដូច្នេះ ចិនមានតែអត់ធ្មត់ និងរង់ចាំដល់អាចពង្រីកអំណាចនៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិចជាមុនសិន ឬអាចនិយាយបានថាទាល់តែចិនកា្លយជាកំពូលមហាអំណាច នៅអាស៊ី។ ស៊ុន អ៊ូ ដែលជាដូនតាចិន និងជាអ្នកប្រាជ្ញាសង្រ្គាមម្នាក់បាននិយាយថា «ក្បួនសឹកសង្រ្គាមដែលអស្ចារ្យបំផុត នោះគឺយកឈ្នះសត្រូវ ដោយមិនបាច់ច្បាំង» ហើយ បើចិនចង់ដើរតាមក្បួនយុទ្ធសាស្ត្រនេះមែន នោះចិនខ្លួនឯងត្រូវតែពង្រឹងសមត្ថភាពឱ្យខ្លាំងផុតលេខ និងប្រជែងឥទ្ធិពលឱ្យឈ្នះសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។ ដ្បិត នៅពេលឥទ្ធិពលចិនកើនឡើង ហើយឥទ្ធិពលអាមេរិកចេះតែបន្តថយចុះ នោះច្បាស់ណាស់វានឹងធ្វើឱ្យអាមេរិកដឹងថាការការពារតៃវ៉ាន់ ដោយធ្វើសង្រ្គាមជាមួយចិន មិនមែនជាប្រយោជន៍របស់អាមេរិកឡើយ រីឯតៃវ៉ាន់វិញក៏គ្មានជម្រើសអ្វីផ្សេងក្រៅតែសុំចរចាជាមួយចិននោះដែរ។

ម្លោះហើយ មេរៀនដែលលោក ស៊ី ជិនពីង បានរៀនសូត្រពីសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន នោះគឺការប្រើប្រាស់កម្លាំងឈ្លានពានលើអ្នកដទៃ មិនអាចធ្វើឡើង ដោយស្រួល ឬគេចផុតពីទណ្ឌកម្មរបស់លោកខាងលិចនោះទេ ហើយការវាយកាន់កាប់តៃវ៉ាន់ ក៏មិនមែនជារឿងងាយស្រួលដែរ ព្រោះតៃវ៉ាន់គឺជាដែនកោះ រីឯអ៊ុយក្រែន គឺដីគោកដែលនេះអាចនឹងប្រថុយនឹងការខាតបង់ច្រើន ឬអាចបាត់បង់តៃវ៉ាន់ទាំងស្រុងក៏ថាបាន។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់គឺ ចិនប្រហែលជាដឹងច្បាស់ជាងនរណា ទាំងអស់ថាទោះបីជាយកតៃវ៉ាន់ បានដោយកម្លាំងយោធា ក៏មិនប្រាកដថាអាចគ្រប់គ្រងប្រជាជនតៃវ៉ាន់ជាង ២៣លាននាក់ ដែលស្រឡាញ់ប្រជាធិបតេយ្យបាននោះដែរ៕