(ម៉ាឌ្រីដ)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) និងរដ្ឋមន្រ្តីការពារជាតិហូឡង់ លោកស្រី កាសា អូឡុនហ្គ្រិន (Kajsa Ollongren) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អាល្លឺម៉ង់ និងហូឡង់នឹងបញ្ជូនកាំភ្លើងធំចំនួន ៦គ្រឿងបន្ថែមទៀតឱ្យប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

បើតាមលោកស្រី Lambrecht និងលោកស្រី Ollongren អាល្លឺម៉ង់ និងហូឡង់នឹងបញ្ជូនកាំភ្លើងធំរៀងៗខ្លួន ចំនួន៣គ្រឿង ដល់អ៊ុយក្រែន ហើយលោកស្រី Ollongren ផ្ទាល់ ក៏បានបញ្ជាក់ដូច្នេះដែរថា «យើងបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែន និងមិនចុះញ៉មចំពោះការឈ្លានពាន របស់រុស្ស៉ីដាច់ខាត»។

ដោយឡែក ឆ្លើយតបទៅនឹងការប្រកាសរបស់អង្គការ NATO ដើម្បីប្រមូលកងទ័ពឱ្យបានច្រើនជាង ៣០០,០០០នាក់ នៅក្នុងការត្រៀមខ្លួនចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ លោកស្រី Lambrecht បានបន្ថែមថា អាល្លឺម៉ង់នឹងបញ្ជូនកងពលមួយក្រុម, កងទ័ពប្រហែល ១៥,០០០នាក់សម្រាប់កងកម្លាំងទាំងនេះ រួមទាំងយន្តហោះប្រហែល ៦៥គ្រឿង និងនាវាប្រហែល ២០គ្រឿងផងដែរ។

គួរបញ្ជាក់ថា បើតាមលោកស្រី Lambrecht អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែករបស់ខ្លួន ហើយថាអង្គការ NATO នឹងកាន់តែរឹងមាំ៕