(ប៉េកាំង)៖ កាលពីថ្ងៃទី ២៧ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់លោក Xu Congxiang ដែលជាកសិសហគ្រិនស្រុក Taihe ខេត្ត Anhui ដោយសម្តែងការសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ព្រមនិងលើកឡើងនូវការរំពឹងទុក ចំពោះកសិសហគ្រិនដាំដំណាំស្បៀងធំៗ នៅទូទាំងប្រទេសចិន។

ក្នុងលិខិតឆ្លើយតប លោក Xi Jinping បានថ្លែងថា ខ្ញុំតែងតែយកចិត្តទុកដាក់លើការផលិតស្បៀង ហើយខ្ញុំតែងតែចុះទៅពិនិត្យវាលស្រែ ក្នុងអំឡុងពេលចុះពិនិត្យការងារនៅតំបន់មូលដ្ឋាន។ ជាច្រើនឆ្នាំមកនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការផលិតស្បៀង ក្នុងគោលបំណងធ្វើឱ្យកសិករដាំដំណាំស្បៀង មានប្រាក់ចំណូលនិងទទួលបានផលអនុគ្រោះ ដើម្បីមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ លោកសង្ឃឹមថាកសិសហគ្រិនដាំដំណាំស្បៀងធំៗ អាចប្រើឧត្តមភាពខាងអាជីវកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីជំរុញកសិករទូទៅឱ្យដាំដំណាំស្បៀង ឱ្យបានកាន់តែច្រើនិងកាន់តែល្អ ដើម្បីរួមចំណែកដល់ការគាំពារសន្តិសុខស្បៀងរបស់ជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន