(ម៉ាឌ្រីដ)៖ អង្គការណាតូ នៅថ្ងៃពុធសប្តាហ៍នេះបានអញ្ជើញប្រទេសស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធាជាមួយខ្លួន ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការនេះបានរុញច្រានទីក្រុង Helsinki និង Stockholm ឱ្យបោះបង់អព្យាក្រឹតភាពប្រពៃណីរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

សម្ព័ន្ធមិត្តចំនួន ៣០ប្រទេសរបស់ណាតូ បានសម្រេចចិត្តបែបនេះនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ក្នុងទីក្រុងម៉ាឌ្រីត ហើយក៏បានយល់ព្រមចាត់ទុកជាផ្លូវការថារុស្ស៊ីជា «ការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់» ចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូល។

មេដឹកនាំអង្គការណាតូបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ពួកគេថា «ថ្ងៃនេះ យើងបានសម្រេចចិត្តអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិកនៃអង្គការណាតូ» បន្ទាប់ពីប្រទេសតួកគីបានដកវេតូជំនាស់មិនឲ្យប្រទេសទាំងពីរចូលជាសមាជិកចេញវិញ។

ការផ្តល់សច្ចាប័ននៅក្នុងសភានៃសម្ព័ន្ធមិត្ត ទំនងជាត្រូវចំណាយពេលដល់ទៅមួយឆ្នាំ ប៉ុន្តែនៅពេលដែលវារួចរាល់ ហ្វាំងឡង់ និងស៊ុយអែតនឹងត្រូវបានគ្របដណ្តប់ការពារដោយឃ្លាការពាររួមរបស់អង្គការណាតូមាត្រាទី៥ ដោយដាក់ពួកគេនៅក្រោមឆ័ត្រការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ប្រមុខអង្គការណាតូ លោក Stoltenberg បាននិយាយថា «យើងនឹងធ្វើឱ្យប្រាកដថា យើងអាចការពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងហ្វាំងឡង់ និងស៊ុយអែតផងដែរ»