(ម៉ានីល)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីនជាផ្លូវការហើយ បន្តពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។

លោក Marcos បានស្បថចូលកាន់តំណែង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ (ម៉ោងក្នុងទីក្រុងម៉ានីល) ក្នុងកម្មវិធីយ៉ាងឱឡារិកមួយ ដែលរៀបចំឡើងនៅឯសារមន្ទីរជាតិហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល។ កំលុងការថ្លែងសារលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Marcos បានអរគុណដល់ប្រជាជន ដែលបានផ្តល់សំឡេងគាំទ្រយ៉ាងច្រើនលើសលប់បំផុត ចំពោះរូបលោកក្នុងការបោះឆ្នោតកាលពីខែឧសភា កន្លងទៅនេះ។ ការឡើងកាន់អំណាចនេះ គឺជាការវិលត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល សម្រាប់គ្រួសារនយោបាយត្រកូល Marcos ដែលត្រូវបានប្រជាជនធ្វើបដិវត្តន៍ ផ្តួលរំលំកាលពីឆ្នាំ១៩៨៦។

អនុប្រធានាធិបតីរបស់លោក Marcos គឺលោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលត្រូវជាកូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នោះ បានស្បថចូលកាន់តំណែង កាលពីសប្តាហ៍មុន។ នៅប្រទេសហ្វីលីពីន តំណែងប្រធានាធិបតី គឺអាចកាន់បានត្រឹមតែ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល៦ឆ្នាំ។

កូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បានឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់ ហ្វីលីពីនហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគួរដឹងពីលោក ម៉ាកូស ជេអ (Marcos Jr) ដែលនឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីហ្វីលីពីនថ្មី នៅខែមិថុនាខាងមុខ៖

*តើលោក Marcos Jr ជានរណា?

មានអាយុ ៦៤ឆ្នាំ, លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ត្រូវបានគេស្គាល់ជាទូទៅនៅក្នុងប្រទេសហ្វលីពីន ដោយមានឈ្មោះ មួយទៀតថា បុងបុង ម៉ាកូស (Bongbong Marcos)។
លោកគឺជាកូនប្រុសតែម្នាក់គត់របស់អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Marcos ដែលបានដឹកនាំប្រទេសហ្វីលីពីន ដោយនយោបាយកណ្ដាប់ដៃដែក ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦។

នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៧, លោក Marcos Jr បានលើកឡើងថាឪពុករបស់លោកបានជំរុញឱ្យរូបលោក ប្រឡូកចូលឆាកនយោបាយ ហើយនៅពេលលោកមានអាយុ ២០ឆ្នាំ, រូបលោកបានក្លាយជាអភិបាលខេត្ត អ៉ីឡូកូស ណ័រតេ (Ilocos Norte) ដែលស្ថិតនៅចម្ងាយ ៤៤០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងម៉ានីល។ តែក្រោយមក ក្រុមគួសាររបស់លោកបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីឪពុករបស់លោកត្រូវបានគេ ទម្លាក់ចេញពីអំណាចនៅឆ្នាំ១៩៨៦។

លោក Marcos Jr បានត្រឡប់មកកាន់ប្រទេសហ្វីលីពីនវិញ ក្នុងឆ្នាំ១៩៩១ ក្រោយឪពុករបស់លោកទទួលមរណភាព ហើយចាប់ពេលនោះមកដែរ លោកបានចាប់ផ្ដើមចូលរួមកាន់តែជ្រៅនៅក្នុងនយោបាយហ្វីលីពីន ដោយជាប់ឆ្នោតជាសមាជិកសភា ហើយបានក្លាយជាអភិបាលសាជាថ្មី។ ប៉ុន្តែ លោក បានបរាជ័យនៅក្នុងការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ក្នុងឆ្នាំ១៩៩៥ ហើយរហូតដល់ឆ្នាំ២០១០ ទើបលោកជាប់ឆ្នោតកា្លយជា សមាជិកព្រឹទ្ធសភាហ្វីលីពីន។

នៅឆ្នាំ២០១៦ លោក Marcos Jr បានបរាជ័យជាថ្មីនៅក្នុងការប្រកួតប្រជែងយកតំណែងជាអនុប្រធានាធិបតីហ្វីលីពីន ក្រោមថ្វីដៃអនុប្រធានាធិបតី សព្វថ្ងៃ គឺលោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដែលជាគូប្រជែងដ៏ធំរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២ នេះ។ ដោយឡែក បើនិយាយពីប្រវត្តិសិក្សារបស់លោក Marcos Jr មានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ពោលគឺ នៅពេលលោកជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា លោក បានអះអាងថាលោកទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ Oxford ផ្នែកទស្សនៈវិជ្ជា នយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែ ក្រុមអ្នករិះគន់បាននិយាយថា លោក Marcos Jr មិនបានទទួលសញ្ញាប័ត្រពិតប្រាកដនោះទេ ហើយសាកលវិទ្យាល័យ Oxford ក៏ធ្លាប់បានឱ្យដឹងដែរថារូបលោកមិនបាន បញ្ចប់ការសិក្សាទាំងស្រុងរបស់លោកនោះឡើយ។

*អី្វទៅជានយោបាយការបរទេសរបស់លោក Marcos Jr?

នៅក្រោមអាណត្តិ លោកប្រធានាធិបតី លោក ឌូតើតេ, ហ្វីលីពីនមានទំនាក់ទំនងដ៏ចម្រូងចម្រាសជាមួយសហរដ្ឋអាមេរិក ដោយទីក្រុងម៉ានីល បោះដៃ ទៅរកចិន ក្នុងគោលបំណងអនុវត្តនយោបាយរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាច។ លោក ឌូតើតេ ថែមទាំងបានគំរាមលុបចោល កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិកទៀតផង តែក្រោយមកលោក ឌូតើតេ បានស ម្រេចរក្សាទុកកិច្ចព្រមព្រៀងនេះវិញ ក្នុងឆ្នាំ២០២១។

ជាមួយគ្នានេះដែរ, លោក Marcos Jr បានសន្យាថាលោកនឹងបន្តរក្សាសម្ព័ន្ធភាពជាមួយមហាអំណាច។ តួយ៉ាង ថ្លែងនៅក្នុងវេទិកាមួយតាមប្រព័ន្ធ អនឡាញកាលពីដើមឆ្នាំ២០២២នេះ លោកបានកត់សម្គាល់ថាសម្ព័ន្ធមិត្តគឺជា «ទំនាក់ទំនងពិសេស» ហើយសហរដ្ឋអាមេរិកអាចនឹងធ្វើរឿងជាច្រើន ដើម្បីជួយហ្វីលីពីន។

តែព្រមពេលជាមួយគ្នា, លោក Marcos Jr ក៏បាននិយាយដែរថាលោកមានផែនការស្វែងរកកិច្ចព្រមព្រៀងមួយជាមួយចិន ពាក់ព័ន្ធនឹងជម្លោះទឹកដីនៅឯ តំបន់សមុទ្រចិនខាងត្បូង ហើយដែលគោលជំហរបែបនេះដូចគ្នាទៅនឹងនយោបាយរបស់លោក ឌូតើតេ។

គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩០ភាគរយ, លោក ម៉ាកូស ទទួលបានសំឡេងគាំទ្រ ២៩.៩លានសំឡេង ពោលគឺច្រើនជាងគូប្រជែង របស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ ២ដង។ រីឯ លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានគេពឹងថានឹងត្រូវចេញ ផ្សាយ នៅចុងខែឧសភានេះ តាមរយៈលទ្ធផល លោក ម៉ាកូស ជេអ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីថ្មីជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេដែល ចប់អាណត្តិ៕