(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) កាលពីថ្ងៃពុធសប្តាហ៍នេះ បានធ្វើការព្រមាន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ជុំវិញការគំរាមកំហែងចំពោះគុណតម្លៃសកល នៅចំពេលមានបញ្ហាជម្លោះ និងការប្រកួតប្រជែងថ្មីៗ ខណៈការលើកឡើងនេះ គឺសំដៅទៅលើសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន និងការរួមដៃគ្នារវាងចិននិងរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

បើតាមប្រភពពីមន្រ្តីកូរ៉េខាងត្បូង, ថ្លែងនាឱកាសនោះ លោក យូន បានគូសបញ្ជាក់ថា «នៅពេលដែល ការប្រកួតប្រជែង និងជម្លោះកើតឡើងក្នុងទម្រង់ថ្មីៗនោះ វាក៏មានសកម្មភាពដែលនាំឲ្យប៉ះពាល់ចំពោះគុណតម្លៃសកល ដែលយើងបាននិងកំពុងការពាផងដែរ»។ ដោយមិនសំដៅចំឈ្មោះប្រទេសចិនឬរុស្ស៉ី លោក យូន បាននិយាយថា សហគមន៍អន្តរជាតិ កំពុងប្រឈមការគំរាមកំហែងផ្នែកសន្តិសុខដ៏ស្មុគស្មាញ ដែលប្រទេសមួយតែឯង មិនអាចដោះស្រាយបានឡើយ។

មន្រ្តីខាងលើដែល ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ Reuters នៅថ្ងៃព្រហស្បតិ៍នេះថា «សុន្ទរកថារបស់លោកយូន គឺសំដៅលើសង្រ្គាមនៅអ៊ុយក្រែន ហើយលោកបានលើកឡើងពីក្តីបារម្ភ អំពីការទទួលខុសត្រូវរបស់រុស្ស៉ីចំពោះសង្រ្គាមនោះ ព្រមទាំងការទទួលខុសត្រូវរបស់ចិន ចំពោះសហគមន៍អន្តរជាតិ»

គួរបញ្ជាក់ថា កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក និងមានកងទ័ពប្រមាណអាមេរិក ចំនួន២៨,០០០នាក់ ក្នុងប្រទេស ហើយកូរ៉េខាងត្បូង ក៏មានទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ផងដែរ ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន និងជាខ្នងបង្អែករបស់កូរ៉េខាងជើង។ ដូច្នេះហើយ លោក យូន ដែលដូចទៅនឹងមេដឹកនាំកូរ៉េខាងត្បូងពីមុនៗដែរ គឺនឹងត្រូវធ្វើឲ្យទំនាក់ទំនងទាំងពីរនោះ មានតុល្យភាព ក្នុងពេលកំពុងប្រឈមនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង៕