(បាងកក)៖ យោធាថៃ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនយន្ដហោះចម្បាំងឱ្យហោះប្រដេញតាមព្រមានយន្ដហោះចម្បាំងមីយ៉ាន់ម៉ា មួយ គ្រឿង ដោយចោទថាយន្ដហោះចម្បាំងនេះបានបំពានចូលដែនអាកាសរបស់ខ្លួន កំលុងធ្វើប្រតិបត្តិការយោធាមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្ដីថ្លែងការណ៍ពីយោធាថៃ យន្ដហោះចម្បាំងថៃ ធុន F-16 ចំនួន២គ្រឿងបានធ្វើសកម្មភាពភ្លាមៗនៅពេលប្រព័ន្ធរ៉ាដាចាប់បានសញ្ញាថា មានយន្ដហោះមួយគ្រឿង ហោះចូលក្នុងដែនអាកាសថៃ នៅក្បែរព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ បន្ថែមដូច្នេះថា «យន្ដហោះចម្បាំងមួយគ្រឿង មិនដឹងហោះមកពីគោលដៅណានោះទេ បានបំពានចូលដែនអាកាស នៃស្រុក ផុប ប្រា (Phop Phra) ខេត្តតាក (Tak) ខណៈកំពុងបើកការវាយប្រហារលើក្រុមប្រដាប់ជនជាតិដើមភាគតិចមួយនៅតាមបណ្ដោយព្រំដែន»

ប៉ុន្តែ ខាងយោធាមីយ៉ាន់ម៉ា មិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ហើយបើតាមទីភ្នាក់ងារសារព័ត៌មានដោយផ្អែកលើសាក្សីម្នាក់ បានឱ្យ ដឹងថាយន្ដហោះចម្បាំងមួយគ្រឿង បានហោះពីលើភូមិចំនួន២ នៅចម្ងាយ ៥គីឡូម៉ែត្រពីព្រំដែន ដោយបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកភូមិ ខណៈសិស្សសាលាត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពភ្លាមៗ៕