(មូស្គូ)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយថាលោកផ្ទាល់បានប្រគល់សាររបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនរួចរាល់ហើយ នាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងមូស្គូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងនៅក្រោយជួបពិភាក្សាការងារជាមួយលោក ពូទីន លោក វីដូដូ បានបញ្ជាក់ដូច្នេះថា «ខ្ញុំបានប្រគល់សាររបស់លោក ហ្សេលេនស្គី ឱ្យលោក ពូទីន រួចរាល់ហើយ»។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បន្ថែមថាលោកក៏បានត្រៀមខ្លួនជាស្រេចផងដែរ ដើម្បីជួយចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងរវាង លោក ពូទីន និងលោក ហ្សេលេនស្គី ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីសាររបស់លោក ហ្សេលេនស្គី នោះទេ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វីដូដូ នៅក្នុងទីក្រុងមូស្គូ កើតមានឡើង ចំពេលឥណ្ឌូណេស៊ី កំពុងរងសម្ពាធពីបណ្ដាប្រទេស លោកខាងលិច កុំអញ្ជើញលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី នៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ ទីក្រុងហ្សាការតា បានអញ្ជើញ ទាំងលោក ហ្សេលេនស្គី និងលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ៕