(វ៉ាស៉ីនតោន)៖ មន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្រ្ត នៃទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃើប៊ី (John Kirby) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា វាដូចជាមិនទាន់ដល់ពេលសម្រាប់ការពិភាក្សាអំពី កិច្ចចរចាសន្តិភាពរវាង ទីក្រុងមូស្គូនិងទីក្រុងកៀវឡើយ ព្រោះភាគីទាំងពីរហាក់ពុំទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការចរចាទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ហ្វក់ ញូស៍ (Fox News) លោកត្រូវបានសួរថា តើលោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែជំរុញឲ្យរុស្ស៉ី និងអ៊ុយក្រែន ឆ្ពោះទៅរកកិច្ចចរចាសន្តិភាពដែរឬទេ។ លោក ឃើប៊ី ក៏បានឆ្លើយតបយ៉ាងដូច្នេះថា «វាជាពេលដែលសហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែន។ គោលដៅរបស់ទីក្រុងវ៉ាស៉ីនតោនគឺធ្វើឲ្យប្រាកដថា ទីក្រុងកៀវមានសមត្ថភាពកំណត់ របៀបដែលជ័យជម្នះត្រូវបានសម្រេចបាន នៅក្នុងជម្លោះដែលកំពុងអូសបន្លាយ និងដោយឈរលើលក្ខខណ្ឌអ្វីខ្លះ»។
ដោយឡែកចំពោះកិច្ចចរចារសន្តិភាពរវាងភាគីទាំងពីរនៅពេលអនាគតនោះ លោក ឃើប៊ី បាននិយាយថា «លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងប្រាប់អ្នកទាំងអស់គ្នាថា វានៅមិនទាន់ដល់ពេលឡើយ ខណៈដែលលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ក៏មិនបានបង្ហាញសញ្ញាចាប់អារម្មណ៍លើការចរចានោះដែរ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានិយាយថា ទីក្រុងកៀវអាចបញ្ចប់ជម្លោះបានក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ដោយការបញ្ជាឱ្យកងទ័ព និងកងកម្លាំងជាតិនិយមរបស់ខ្លួន ទម្លាក់អាវុធចុះ ហើយបំពេញតាមការទាមទារ ដែលដាក់ចេញដោយទីក្រុងម៉ូស្គូ។
រុស្ស៉ីក៏បានចោទអ៊ុយក្រែន ពីការគេចវេះមិនចង់ចរចារកសន្តិភាពផងដែរ ខណៈទីក្រុងកៀវបានលើកឡើងថា នឹងត្រឡប់មករកតុចរចាវិញ លុះត្រាតែខ្លួនស្ថិតនៅជំហរយ៉ាងរឹងមាំមួយសិន។ ពាក់ព័ន្ធរឿងនេះ លោក ដេវីដ អារ៉ាក់ខាមៀ (David Arakhamia) អ្នកចរចាកំពូលរបស់អ៊ុយក្រែន បានឱ្យតំរុយថា ពេលវេលានៃការទទួលបានជំហររឹងមាំបែបនោះ ប្រហែលអាចកើតឡើងនៅចុងខែសីហាខាងមុខ៕