(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃចន្ទនេះ បានឱ្យដឹងថា សាកសពមនុស្ស១២នាក់ ត្រូវបានរកឃើញ បន្ទាប់ពីហេតុការណ៍លិចកប៉ាល់ ១គ្រឿង នៅសមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលបានបណ្តាលឱ្យមនុស្ស៣០នាក់ បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីប្រកាសខាងលើធ្វើឡើង បន្ទាប់ពីកប៉ាល់វិស្វកម្ម១គ្រឿង ដែលមានទីតាំងស្ថិតនៅចម្ងាយជិត៣០០គីឡូម៉ែត្រ ពីភាគនិរតីនៃ ទីក្រុងហុងកុង បានទទួលរងការខូចខាតយ៉ាងដំណំ រហូតដល់ដាច់ជា២កំណាត់ កំលុងការបោកបក់ដោយព្យុះទីហ្វុង។ យោងតាម មជ្ឈមណ្ឌលជួយសង្រ្គោះ និងរុករកដែនសមុទ្រនៃខេត្តក្វាងទុង សាកសពមនុស្ស១២នាក់នោះ ដែលសង្ស័យជាជនរងគ្រោះលង់ទឹក ក្នុងហេតុការណ៍ខាងលើ ត្រូវបានរកឃើញនៅតំបន់មួយ ស្ថិតនៅចម្ងាយជាង៩០គីឡូម៉ែត្រ ពីទីតាំងដែលកប៉ាល់បានលិច។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ មនុស្ស៣នាក់ ត្រូវបានជួយសង្រ្គោះ និងម្នាក់ទៀត កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ ដែលធ្វើឱ្យចំនួនអ្នកបាត់ខ្លួននៅសល់ ២៦នាក់ទៀត។ ប៉ុន្តែបើសាកសពមនុស្សទាំង១២នាក់ខាងលើ ត្រូវកំណត់អត្តសញ្ញាណឃើញថា ពិតជាជនរងគ្រោះក្នុងហេតុការណ៍លិចកប៉ាល់មែននោះ ចំនួនអ្នកបាត់ខ្លួននឹងនៅសល់ត្រឹម១៤នាក់។ ព្យុះទីហ្វុងឈ្មោះថា ចាបា (Chaba) បានកកើតរូបរាងឡើង នៅកណ្តាលតំបន់សមុទ្រចិនខាងត្បូង ហើយកាលពីថ្ងៃសៅរ៍មុន វាបានបោកបក់ទៅដល់ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន៕