(ប៉េកាំង)៖ ការរីកត្បាតជំងឺកូវីដ១៩ បានស្រាប់តែផ្ទុះឡើងនៅទូទាំងពិភពលោក មានប្រទេសមួយចំនួន បានចាប់ផ្ដើមកំណត់ការនាំចេញកសិផល ដូចជាស្បៀងជាដើម ហើយក៏មានប្រទេសមួយចំនួនទៀត បានចលាចលដោយសារតែខ្វះស្បៀងអាហារ។ បើប្រៀបធៀបនឹងប្រទេសផ្សេង ប្រទេសចិនបានរក្សាសុខសន្តិភាព និងមានរបៀបរាបរយក្នុងសង្គម ក្នុងនោះការផ្គត់ផ្គង់យ៉ាងនឹងនរខាងស្បៀងនិងកសិផលផ្សេងៗ ជាកត្តាដែលខ្វះមិនបាន។
កសិកម្ម និងស្បៀងជាគ្រឹះមូលដ្ឋានរបស់ជីវភាពប្រជាជន។ ប្រជាជនមានស្បៀងស្ដុកទុក មិនអត់ឃ្លាន ទើបស្ងប់ចិត្ត ទើបអាចមានកម្លាំងប្រយុទ្ធប្រឆាំងជាមួយនឹង ហានិភ័យគ្រប់បែបយ៉ាង។ តួនាទីសន្តិសុខស្បៀងអាហារ បានត្រូវបញ្ជាក់ច្បាស់ក្នុងការគ្រប់គ្រង និងបង្ការចំពោះការរីកត្បាតកូវីដ១៩ លើកនេះ។
មានតែធានាយ៉ាងពេញលេញ នូវសន្តិសុខស្បៀងអាហារនោះ ទើបអាចបង្កើនយ៉ាងជាក់ស្ដែង នូវសុខុមាលភាពប្រជាជន និងគាំពារសន្តិសុខប្រទេសចិនជាយូរអង្វែង។ លោក Xi Jinping បានមានប្រសាសន៍ថា ចំពោះប្រទេសចិនដែលជាប្រទេសធំ មានប្រជាជនចំនួន១៤រយលាននាក់ តួនាទីមូលដ្ឋានរបស់កសិកម្ម មិនអាចត្រូវធ្វេសប្រហែសនិងកាត់បន្ថយ នៅក្នុងកាលៈទេសៈណាមួយឡើយ។ ការដែលមានស្បៀងក្នុងដៃ ទើបមិនភិតភ័យក្នុងចិត្ត គឺជាសច្ចពិតគ្រប់កាលៈទេសៈ។
លោក Xi Jinping មានប្រសាសន៍ថា មានស្បៀងក្នុងដៃ ទើបមិនភិតភ័យក្នុងចិត្ត។ ខ្ញុំតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផលិតកម្មស្បៀងអាហារ។ ពេលចុះទៅមូលដ្ឋានសិក្សាស្រាវជ្រាវ ខ្ញុំក៏តែងតែចុះទៅមើលដីស្រែដែរ។ កន្លងមក រដ្ឋាភិបាលមជ្ឈិមចិនបានដាក់ចេញវិធានការ និងគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ផលិតកម្មស្បៀងអាហារ មានគោលការណ៍គឺធ្វើឱ្យប្រជាជនចិន កាន់ចានបាយយ៉ាងមាំក្នុងដៃខ្លួនឯង ពោលគឺធ្វើឱ្យកសិករដាំស្រូវរបស់ចិន មានចំនូល បានផលប្រយោជន៍ជាក់ស្ដែង និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕