(ស៉ីដនី)៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគខាងកើត ប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ នាំឲ្យគ្រោះទឹកជំនន់ក្នុង ទីក្រុងស៉ីដនីមានសភាពកាន់តែអាក្រក់ទៅៗ ហើយប្រជាជនរាប់ពាន់នាក់ទៀត ត្រូវបានណែនាំឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ក្រោយពីទឹកឡើងហួសកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

អាជ្ញាធរបានឲ្យដឹងថា ប្រជាជនប្រហែល ៥០,០០០នាក់ នៅក្នុងរដ្ឋញូ សោតវែល (New South Wales) ដែលភាគច្រើនរស់នៅជាយក្រុង ភាគខាងលិចទីក្រុងស៉ីដនី ត្រូវបានណែនាំឲ្យជម្លៀសចេញ និងប្រុងប្រៀបដើម្បីជម្លៀសខ្លួន។ ប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋញូ សោតវែល លោក ដូមីនីក ភឺរ៉ូតថេត (Dominic Perrottet) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការជន់លិចនឹងបន្តរយៈពេលយូទៀត សូមប្រជាជនមានការ ប្រុងប្រយ័ត្ន ដោយមិនថាអ្នកនៅទីណាទេ សូមមានការប្រុងប្រយ័ត្ននៅពេលកំពុងបើកបរតាមដងផ្លូវ។ វានៅតែមានហានិភ័យច្រើនសម្រាប់ ទឹកជំនន់ភ្លាមៗ»

ដោយឡែក ការិយាល័យឧតុនិយមអូស្ត្រាលី បានឲ្យដឹងថា ឥទ្ធិពលព្យុះចុងក្រោយបំផុតដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនោះ នឹងថមថយចាប់ពី ថ្ងៃអង្គារនេះ ប៉ុន្តែកម្រិតហានិភ័យនៃទឹកជំនន់អាចនៅតែមានពេញមួយសប្តាហ៍ ដោយសារតែអាងទន្លេភាគច្រើន គឺជិតពេញទៅហើយ គឺចាប់តាំងពីមុនពេលមានទឹកជំនន់មកម្ល៉េះ។

គួរបញ្ជាក់ថា ទឹកជំនន់ដ៏ខ្លាំងក្លាបំផុតកំពុងកើតមាននៅតំបន់ វីនស (Windsor) ភាគខាងលិចទីក្រុងស៉ីដនី ដែលបានឆ្លងកាត់ទឹកជំនន់ជាលើកទី៣ ជាមួយនឹងកម្រិតកម្ពស់ទឹកបច្ចុប្បន្ន គឺខ្ពស់ជាងការព្យាករកាលពីដើមឆ្នាំ៕