(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ុយហ្គូ (Sergey Shoigu) បាននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពរុស្ស៉ីនឹងបន្តធានាឲ្យការរស់នៅរបស់ប្រជាជនប្រព្រឹត្តទៅជាធម្មតា ក្នុងទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក ស៊ុយហ្គូ បានថ្លែងយ៉ាងដូច្នេះថា «កងទ័ពរុស្ស៉ីកំពុងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ដល់ប្រជាជន នៅតាមតំបន់ដែលស្ថិតក្រោមការត្រួតត្រា កំលុងប្រតិបត្តការយោធាពិសេស។ កិច្ចប្រឹងប្រែងដើម្បីធានាឲ្យការរស់នៅប្រព្រឹត្តទៅដោយសន្តិភាព នៅតាមដែនដីដែលគ្រប់គ្រងដោយរុស្ស៉ី នឹងនៅតែបន្ត»

លោកប្រមុខការពារជាតិរុស្ស៉ី បានសង្កត់ធ្ងន់ថា «អាទិភាពចម្បងរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៉ីសព្វថ្ងៃនេះ គឺអាយុជីវិត និងសុខភាពរបស់ទាហាន ក៏ដូចជាសុវត្ថិភាពរបស់ជនស៉ីវិលផងដែរ។ ប្រតិបត្តិការនឹងបន្តរហូតដល់ កិច្ចការដែលកំណត់ដោយ អគ្គមេបញ្ជាការកំពូល ត្រូវបានបំពេញយ៉ាងពេញលេញ»

គួរបញ្ជាក់ថា បើតាមលោក ស៊ុយហ្គូ កងទ័ពរុស្ស៊ីរួមជាមួយកងជីវពលប្រជាជននៃតំបន់ផ្តាច់ខ្លួនដូណេត (Donetsk) និង លូហាន់ (Lugansk) កំពុងបន្តប្រតិបត្តិការយោធាពិសេស បន្ទាប់ពីតំបន់ Lugansk ត្រូវពួកខ្លួនគ្រប់គ្រងបានទាំងស្រុង៕