(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ។ បើតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង, លោក យូន បាននិយាយថា «សមត្ថភាពយោរបស់ប្រទេសគួរតែត្រៀមទុកជាមុន ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ខណៈភាពមិនប្រាកដប្រជាផ្នែកសន្តិសុខជុំវិញកូរ៉េខាងត្បូង និងអាស៉ីប៉ែកឦសានដែលកំពុងកើនឡើងជាងពេលណាៗទាំងអស់»

គួរបញ្ជាក់ថា ក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ខាងក្រៅកិច្ចប្រជុំកំពូល NATO នៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុន លោក យូន បានយល់ព្រមជាមួយមេដឹកនាំទាំងពីរ ក្នុងស្វែងរកមធ្យោបាយ បន្ថែមដើម្បីពង្រឹងសមត្ថភាពកំញើញ ប្រឆាំងកូរ៉េខាងជើង៕