(ប៉េកាំង)៖ ក្រសួងការបរទេសចិន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងត្រូវជួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដូចដែលបានព្រមព្រៀងគ្នា ដោយភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

យោងតាមលោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រមុខការទូតទាំងពីរ នឹងផ្តល់ទស្សនៈទៅវិញទៅមក ស្តីពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗនៅក្នុងតំបន់ និងបញ្ហាអន្តរជាតិ។ វាគឺជាជំនួបដំបូងបំផុតរវាងលោក វ៉ាង និងលោក ប្លីងកិន គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាកើតឡើង បន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន ទើបតែបានអះអាងថា ខ្លួនកំពុងពិចារណាឡើងវិញ អំពីការលុបចោលការដំឡើងពន្ធលើទំនិញចិន ដែលត្រូវបានដាក់ អំលុងអាណត្តិរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា នាថ្ងៃសុក្រសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេសមកពី ប្រទេសសេដ្ឋកិច្ចធំបំផុតទាំង២០ លើពិភពលោក នឹងជួបប្រជុំគ្នា នៅឯកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី មុនកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ G20 ដែលនឹងត្រូវរៀបចំឡើងនៅឥណ្ឌូណេស៉ីដដែល ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ៕