(ភ្នំពេញ)៖ បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយរបស់ពិភពលោក ដែលកំពុងគំរាមកំហែងដល់សុខភាពនិងជីវភាពរបស់មនុស្សជាតិ នៅលើភពផែនដីនេះទាំងមូល។ ការប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមពី គ្រប់ប្រទេសនិងតំបន់ទាំងអស់។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេបំផុត ដែលមានប្រជាជនជាង ១,៤០០លាននាក់ ប្រទេសចិនពិតជាមានតួនាទីដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុសកលលោក។ អ្នកជំនាញជាច្រើនយល់ឃើញស្របគ្នាថា បើប្រទេសចិនពុំអាចទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទេ ពិភពលោកនឹងមិនអាចទទួលជ័យជម្នះក្នុងសង្គ្រាមប្រឆាំង បម្រែបម្រួលអាកាសធាតុនោះឡើយ។

ដោយមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិនបានដាក់ចេញនិងអនុវត្តគោលនយោបាយ វិធានការ និងសកម្មភាពជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចអាកាសធាតុសកល។ រដ្ឋាភិបាលចិន ចាត់ទុកកិច្ចការពារបរិស្ថានជាអាទិភាពចម្បងមួយ ដោយកិច្ចការពារបរិស្ថានត្រូវបានធ្វើសមាហរណកម្ម ដាក់បញ្ចូលទៅក្នុងគ្រប់ផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

ច្បាប់និងបទបញ្ញត្តិគតិយុត្តិពិសេសជាច្រើនស្ដីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានតាក់តែងនឹងដាក់ឲ្យ អនុវត្តយ៉ាងតឹងរ៉ឹង។ ដើម្បីបញ្ជាក់នូវការប្ដជ្ញាចិត្តមោះមុតរបស់ខ្លួន រដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការនូវ «សង្គ្រាមប្រឆាំងការបំពុលបរិស្ថាន» ដោយធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅទូទាំងប្រទេស ទៅលើការអនុវត្តច្បាប់បរិស្ថាន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពរំលោភច្បាប់ ដោយមិនលើកលែង។ បន្ថែមទៅលើការអនុវត្តច្បាប់ រដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន និងផ្ដល់ការលើកទឹកចិត្តដល់ប្រជាជននិងវិស័យឯកជន ឲ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន។

បន្ថែមទៅលើការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ប្រទេសចិនក៏បានខិតខំប្រឹងប្រែងបង្កើនសមត្ថភាព ស្រូបយកឧស្ម័នកាបូនិក តាមរយៈការអនុវត្តគោលនយោបាយដាំដើមឈើឡើងវិញ ដែលរហូតមកដល់ពេលនេះ ដើមឈើចំនួនជិត៨០ពាន់លានដើម ត្រូវបានដាំឡើងវិញនៅទូទាំងប្រទេស។ កាលពីដើមទស្សវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនមានផ្ទៃដី ដែលគ្របដណ្ដប់ដោយព្រៃឈើត្រឹមតែ១២% នៃផ្ទៃដីសរុបតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ន ផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ បានកើនដល់ជាង២៣% នៃផ្ទៃដីសរុប ដែលមានទំហំជាង២២០លានហិកតា ដែលធ្វើឲ្យប្រទេសចិនមានសមត្ថភាពអាចស្រូបយកឧស្ម័នកាបូនិក ជាង៩ពាន់លានតោនក្នុងមួយឆ្នាំ។

ជាការពិត ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក បានដាក់សំពាធយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ត្រូវការជាចាំបាច់នូវថាមពល។ ទោះជាប្រឈមនឹងសំពាធធ្ងន់ធ្ងរបែបនេះ រដ្ឋាភិបាលចិនមិនផ្លាស់ប្ដូរគោលដៅកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិករបស់ខ្លួននោះឡើយ ដោយរដ្ឋាភិបាលចិនបានផ្លាស់ប្ដូរទៅរក ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលមានលក្ខណៈបៃតង ដោយផ្ដោតទៅលើការអភិវឌ្ឍ និងប្រើប្រាស់ប្រភពថាមពលថ្មី និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ នាពេលបច្ចុប្បន្ន ប្រទេសចិនគឺជាអ្នកវិនិយោគនាំមុខគេ របស់ពិភពលោកទៅលើការអភិវឌ្ឍថាមពល កកើតឡើងវិញ។

ការប្រើប្រាស់ថាមពល ដែលមានប្រភពមកពីធ្យូងថ្មនៅក្នុងប្រទេសចិន ត្រូវបានកាត់បន្ថយពីទំហំជាង៧០% កាលពីឆ្នាំ២០០៥ មកនៅត្រឹមទំហំប្រហែល៥០%តែប៉ុណ្ណោះក្នុងឆ្នាំ២០២១។ នាពេលបច្ចុប្បន ការប្រើប្រាស់ថាមពល ដែលមានប្រភពមកពី ឥន្ធនៈមិនមែនហ្វូស៊ីល បានកើនដល់ចំនួន១៦,៦% នៃការប្រើប្រាស់ថាមពលសរុប ហើយសមត្ថភាពផលិតថាមពល កកើតឡើងវិញរបស់ប្រទេសចិន បានកើនរហូតដល់ប្រហែល៤៥% នៃការផលិតថាមពលសរុបរបស់ប្រទេស។ នៅឆ្នាំ២០២៥ ជិត៥០%នៃចំនួនរថយន្តដែលដើរដោយ ថាមពលអគ្គិសនីនៅទូទាំងពិភពលោក និង ៩៩% នៃចំនួនរថយន្តក្រុងដែលដើរដោយ ថាមពលអគ្គិសនីនៅលើសកលលោក នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន។

បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេស ប្រទេសចិនបានគាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថានអន្តរជាតិ។ ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចចរចារស្ដីពីបម្រែបម្រួលអាកាសធាតុ ជំរុញការបញ្ចប់ដោយជោគជ័យនូវ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ទន្ទឹមគ្នានេះ ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហការទ្វេភាគី ក្នុងវិស័យការពារបរិស្ថាន ជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេស ជំរុញគាំទ្រឲ្យមានប្រព័ន្ធអភិបាលកិច្ចអាកាសធាតុសកលមួយ ដែលមានលក្ខណៈឈ្នះឈ្នះ បែបសហការ ដែលសមហេតុផលនិងមានយុត្តិធម៌។

រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន សម្រេចបាននូវជោគជ័យគួរឲ្យកោតសរសើរ។ នាពេលបច្ចុប្បន្ន ប្រទេសចិនទទួលបានស្ថានភាពបរិស្ថាន ដែលល្អប្រសើរជាងមុនគួរឲ្យកត់សម្គាល់ ជាពិសេស គុណភាពខ្យល់។

ការបញ្ចេញឧស្ម័នកាបូនិកក្នុងមួយឯកតា នៃផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ៥០% បើធៀបទៅនឹងតួលេខកាលពីឆ្នាំ២០០៥ ចំណែកឯបរិមាណសារធាតុគ្រោះថ្នាក់ នៅក្នុងខ្យល់ក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ៤០% បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៣។ គុណភាពខ្យល់នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិន មានសភាពល្អប្រសើរជាងមុនយ៉ាងខ្លាំង ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ចំនួនថ្ងៃដែលមានផ្ទៃមេឃពណ៌ខៀវ នៅក្នុងទីក្រុងប៉េកាំង បានកើនរហូតដល់២៨៨ថ្ងៃ ឬស្មើនឹង៧៨,៩% នៃចំនួនថ្ងៃសរុបក្នុងមួយឆ្នាំប្រក្រតិទិន ដែលតួលេខនេះបង្ហាញនូវកំណើនចំនួន១១២ថ្ងៃ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៣។

និយាយជារួម ដោយមានកម្លាំងសេដ្ឋកិច្ចនិងសមត្ថភាពបច្ចេកវិទ្យាដ៏រឹងមាំ និងមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន បានដើរតួជាកម្លាំងនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុសកល។ ជោគជ័យរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ គឺជាជោគជ័យរបស់ពិភពលោកទាំងមូល៕

អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ